(វ៉ាស៉ីនតោន)៖ ទីក្រុង Minneapolis នៃរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក បានសម្រេចយល់ព្រមចេញការហាមឃាត់លែងឲ្យ ប៉ូលិសនៅក្នុងទីក្រុងរបស់ខ្លួន ប្រើវិធីសាស្រ្តសង្កត់កដើម្បីបង្រ្កាបជនសង្ស័យកំឡុងពេលឃាត់ខ្លួនទៀតហើយ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០។

ការសម្រេចបែបនេះធ្វើឡើងនៅចំពោះមុខការផ្ទុះបាតុកម្មតវ៉ាប្រឆាំងអំពើហិង្សារបស់ប៉ូលិស និងការរើសអើងពូជសាសន៍នៅ សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនថ្ងៃមកហើយ ក្រោយការស្លាប់របស់លោក George Floyd ជាបុរស ស្បែកខ្មៅម្នាក់ ដែលបាត់បង់ជីវិត ដោយសារត្រូវប៉ូលិសយកជង្គង់សង្កត់កពេលឃាត់ខ្លួនដល់ទៅជិត៩នាទី។

គួរជម្រាបថា ប៉ូលិសនៅទីក្រុង Minneapolis ក៏នឹងតម្រូវឲ្យរាយការណ៍ ក៏ដូចជាចូលអន្តរាគមន៍ ក្នុងករណីដែលមានមន្រ្តីប៉ូលិស ណា នៅតែហ៊ានប្រើវិធីសាស្រ្តដែលត្រូវហាមឃាត់នេះ បើមិនដូច្នោះទេពួកគេនឹងត្រូវរងការពិន័យធ្ងន់ធ្ងរដូចគ្នា។ សម្រាប់ប៉ូលិស ទាំង៤នាក់ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពចាប់ខ្លួនលោក Floyd កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ គឺត្រូវបានចាប់ខ្លួន និងចោទប្រកាន់ទាំងអស់៕