(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ចិន ធ្វើប្រតិបត្តិការជើងហោះហើរ ចេញចូលប្រទេសរបស់ខ្លួនឡើងវិញចំនួន ០២ជើងក្នុងមួយសប្តាហ៍ ដោយបានដកពាក្យសម្តីរបស់ខ្លួនវិញដែលថា សហរដ្ឋអាមេរិកគ្រោងនឹងហាមឃាត់ ក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរចិនទាំងអស់ មិនឲ្យហោះហើរទៅកាន់សហរដ្ឋអាមេរិក នៅត្រឹមថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។

សេចក្តីសម្រេចនេះបានធ្វើឡើងតែមួយថ្ងៃគត់ បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍បរទេសកាន់តែច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការជើងហោះហើររបស់ខ្លួន មកកាន់ចិនដីគោកវិញ ក្រោយពីបានហាមឃាត់អស់រយៈពេលជាច្រើនខែ នៅក្រោមក្របខណ្ឌនៃយុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19។

ក្រសួងដឹកជញ្ជូនអាមេរិកបានប្រកាស់ឲ្យដឹងថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ ដឹកអ្នកដំណើរចិនធ្វើការហោះហើរសរុបចំនួន ០២ជើងក្នុងមួយសប្តាហ៍ទាំងទៅ និងមកសហរដ្ឋអាមេរិក។ កាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនមានគម្រោងនឹងហាមឃាត់ ក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរចិនទាំងអស់ មិនឲ្យហោះហើរទៅកាន់សហរដ្ឋអាមេរិកនៅត្រឹមថ្ងៃទី ១៦ ខែមិថុនាខាងមុខ ដោយសារតែមានការហាមឃាត់ពីសំណាក់ទីក្រុងប៉េកាំង មកលើក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។

ជាមួយគ្នានេះ ក្រសួងដឹកជញ្ជូនអាមេរិកបានគូសបញ្ជាក់ដែរថា សហរដ្ឋអាមេរិកអាចនឹងបន្ធូរបន្ថួយការរឹតបន្តឹងបន្ថែមទៀតលើជើងហោះពីប្រទេសចិន ប្រសិនបើចិនធ្វើដូចគ្នា។ ទោះជាយ៉ាងណា ក្រុមមន្ត្រីជំនាញបានសម្តែងការព្រួយបារម្ភ ពីលក្ខខណ្ឌដែលប្រទេសចិនដាក់ថា តើអាចនឹងប៉ះពាល់ដល់ការសម្រេចចិត្ត របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដែរ ឬទេ។

គួរជម្រាបថា ជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងជុំវិញសេវាកម្មអាកាសចរណ៍ បាននិងកំពុងកើតឡើងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលជាផ្នែកមួយនៃភាពតានតឹងពាណិជ្ជកម្ម និងការទូតរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោកនេះ។ នៅដើមខែមករាកន្លងទៅនេះ មានជើងហោះហើរប្រមាណជាង ៣០០ជើងក្នុងមួយសប្តាហ៍ ដែលបានធ្វើប្រតិបត្តិការរវាងប្រទេសទាំងពីរ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបានកាត់បន្ថយ ហើយបន្ទាប់មកក៏បានបញ្ឈប់ការហោះហើរទាំងស្រុង ទៅប្រទេសចិនតែម្តង នៅពេលដែលជំងឺរាតត្បាតសកល COVID-19 ផ្ទុះឡើងកាន់តែខ្លាំង។ ក្រុមហ៊ុន United Delta និង American Airlines បានផ្អាកការហោះហើរទៅកាន់ប្រទេសចិន នៅមុនពាក់កណ្តាលខែមីនាមកម្ល៉េះ៕