(វ៉ាស៊ីនតោន)៖ ប្រេសិតពិសេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអ៉ីរ៉ង់ លោក Brian Hook បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នៅតែបើកទ្វារចរចា តាមផ្លូវការទូតជាមួយអ៉ីរ៉ង់ បើទោះជាទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែឡើងកម្ដៅខ្លាំងដដែលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។

លោក Brian Hook ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី អ៉ីរ៉ង់ដោះលែងពលរដ្ឋអាមេរិកម្នាក់ឈ្មោះ Michael White ឱ្យមានសេរីភាពឡើងវិញ។ ថ្លែងនាឱកាសនោះ ប្រេសិតពិសេសអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបើកចំហទ្វារចរចាតាមផ្លូវការទូតជាមួយអ៉ីរ៉ង់ អស់រយៈពេលច្រើនឆ្នាំមកនេះ...ដូច្នេះ យើងសង្ឃឹមថារបបដឹកនាំអ៉ីរ៉ង់ នឹងត្រឡប់មករកកិច្ចចរចាឡើងវិញ»។

តែទោះជាយ៉ាងនេះក្ដី លោក Brian Hook បានអះអាងថា សហរដ្ឋអាមេរិក នឹងនៅតែបន្តរក្សាដដែលនូវគោលនយោបាយដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ អ៉ីរ៉ង់ ដែលត្រូវបានអនុម័តឡើង ដើម្បីបង្ខំទីក្រុងតេហេរ៉ង់ ត្រឡប់មករកតុចរចាជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់។ លោក ដូណាល់ ត្រាំ បានដក សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះកាលពីឆ្នាំ២០១៨ ហើយបានចាប់ផ្ដើមដាក់ទណ្ឌកម្មលើអ៉ីរ៉ង់ ចាប់ពីពេលនោះមកដែរ៕