(គែរ)៖ ក្រុមប្រទេសអ្នកមាន និងមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ ឬគ្រប់គ្នាស្គាល់ថា G20 បានសន្យាថា នឹងបរិច្ចាគប្រាក់ច្រើនជាង ២១ពាន់លានដុល្លារ ដើម្បីគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។

ការប្រកាសខាងលើរបស់ក្រុមប្រទេស G20 ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ថា «G20 ជាមួយនឹងបណ្ដាប្រទេសជាដៃគូដទៃទៀត បាននិងកំពុងសម្របសម្រួលដល់កិច្ចប្រឹងប្រែងជាសកល ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតជំងឺ COVID-19។ រហូតមកទល់នឹងថ្ងៃនេះ សមាជិក G20 និងប្រទេសជាដៃគូដែលត្រូវបានអញ្ជើញឱ្យចូលរួម បានសន្យាបរិច្ចាគច្រើនជាង ២១ពាន់លានដុល្លារដើម្បីគាំទ្រ និងផ្ដល់មូលនិធិជួយដល់វិស័យសុខាភិបាលសកល»

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតដែលបច្ចុប្បន្នជាប្រធាន G20 បានសន្យាបរិច្ចាគប្រាក់ ៥០០លានដុល្លារ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសកលប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៣៩១,១០៨នាក់ និងឆ្លងច្រើនជាង ៦.៦៨លាននាក់ នៅទូទាំងពិភពលោក៕