(អឺរ៉ុប)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យកងទ័ពអាមេរិក ដកកម្លាំងរបស់ខ្លួនចំនួន ៩,៥០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលប្រការបានធ្វើឲ្យតំបន់អឺរ៉ុបទាំងមូលមានមន្ទិល ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារទ្វីបនេះពីការគំរាមកំហែងរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។

ប្រភពព័ត៌មានខាងលើនេះ គឺទទួលបានពីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន)។ ប្រសិនបើការសម្រេចចិត្តនេះ ត្រូវបានប្រកាសជាផ្លូវការនោះ កងទ័ពសហរដ្ឋអាមេរិកដែលកំពុងមានវត្តមាននៅអាល្លឺម៉ង់ នឹងត្រូវថយចុះពី ៣៤,៥០០នាក់ មកនៅត្រឹម ២៥,០០០នាក់ប៉ុណ្ណោះ នៅតាមមូលដ្ឋានយោធាតូចធំក្នុងប្រទេសអឺរ៉ុបមួយនេះចំនួន៣៧។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ខាងលើនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបចំពោះទំនាក់ទំនងដ៏តានតឹង រវាងលោកផ្ទាល់ជាមួយនឹងអធិការបតីអាល្លឺម៉ង់ លោកស្រី អាំងហ្គែឡា មើគែល (Angela Merkel) ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិកបានមួយរយៈ ហើយស្ត្រីដ៏មានឥទ្ធិពលបំផុតលើពិភពលោករូបនេះ ក៏ទើបតែបានប្រកែកមិនចូលរួមកិច្ចប្រជុំកំពូល G7 ដែលលោក ដូណាល់ ត្រាំ ជាអ្នកអញ្ជើញដោយផ្ទាល់លើកទឹកដីអាមេរិកនោះផងផែរ៕