(ហ្ស៊ឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានចេញសារព្រមានមួយក្នុងសប្តាហ៍នេះ អំពីការបន្តកើនឡើងនៃករណីឆ្លងជំងឺ COVID-19 យ៉ាងគំហុកនៅតំបន់អាស៊ីខាងត្បូង ដែលសុទ្ធតែជាប្រទេសមានប្រជាជនរស់នៅកកកុញ ជាពិសេសឥណ្ឌា និងបង់ក្លាដែសតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០។

ជុំវិញបញ្ហាខាងលើនេះ នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) បានលើកឡើងយ៉ាងដូច្នេះថា «សំខាន់បំផុតគឺនៅតំបន់អាស៊ីខាងត្បូង មិនមែនតែនៅឥណ្ឌាមួយនោះទេ តែបង់ក្លាដែស និងប៉ាគីស្ថាន ព្រមទាំងប្រទេសមួយចំនួនទៀតនៅតំបន់នេះ ដែលសុទ្ធតែមានប្រជាជនរស់នៅកកកុញ តែវីរុសមិនទាន់ផ្ទុះការចម្លងនៅឡើយ ប៉ុន្តែវានៅតែស្ថិតនៅក្នុងហានិភ័យចំពោះការផ្ទុះ ដែលនឹងអាចកើតមាន...»

មន្ត្រីជាន់ខ្ពស់ WHO ខាងលើក៏បានព្រមានផងដែរថា ការធ្វេសប្រហែស ដែលបង្កឲ្យមានចន្លោះប្រហោងណាមួយ នោះវានឹងធ្វើឲ្យសហគមន៍រងគ្រោះ ចំពោះការផ្ទុះ ករណីឆ្លង COVID-19 ដែលពិបាកនឹងទប់ស្កាត់ ដូចមានគំរូប្រទេសមួយចំនួនរួចទៅហើយ។

គួរបញ្ជាក់ថា ប្រទេសចំនួនបីនៅអាស៊ីខាងត្បូងមានដូចជា ឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែសជាដើម សុទ្ធតែកំពុងប្រឈមមុខការកើនឡើងយ៉ាងគំហុក នៃករណីឆ្លងនឹងស្លាប់ដោយសារតែជំងឺ COVID-19 ដោយក្នុងនោះឥណ្ឌាមានករណីឆ្លង ច្រើនជាងគេរហូតដល់ ២២៦,៧៧៩ករណីក្នុងនោះអ្នកជំងឺ៦,៣៤៨នាក់បានស្លាប់ និង១០៩,៤៦២នាក់ទៀតបានជាសះស្បើយឡើងវិញ គិតត្រឹមថ្ងៃសុក្រម្សិលមិញ៕