(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសុក្រនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតទៅដល់ ៩,៨៥១ករណី និងករណីស្លាប់ ២៧៣នាក់បន្ថែមទៀត ដែលជាសុទ្ធតែជាតួលេខខ្ពស់បំផុតពុំធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ២២៦,៧៧៩ករណី ដោយក្នុងនោះអ្នកជំងឺ ៦,៣៤៨នាក់បានស្លាប់ និង ១០៩,៤៦២នាក់ទៀតបានជាសះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១១០,៩៦០នាក់។

គួរជម្រាបថា នៅចំពោះវិបត្តិសកលមួយនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេសខាងលើនេះ តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19។ ប៉ុន្តែស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕