(តូក្យូ)៖ ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន ដិនស៊ុ (Dentsu) បានជម្លៀសមនុស្សទាំងអស់ ចេញពីទីស្នាក់ការកណ្តាលរបស់ខ្លួននៅឯទីក្រុងតូក្យូ ក្រោយទទួលបានសារព្រមានអំពីការបំផ្ទុះគ្រាប់បែក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

យោងតាមអ៉ីម៉ែលផ្ទៃក្នុងមួយដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន ក្រុមហ៊ុន Dentsu បានប្រាប់ឲ្យបុគ្គលិកទាំងអស់ ចាកចេញពីក្នុងទីស្នាក់ការនៅទីក្រុងតូក្យូ ក្រោមហេតុផលថា មានការផ្ញើសារមួយមកកាន់វែបសាយខ្លួន ជាមួយការព្រមានអំពីការបំផ្ទុះគ្រាប់បែកនៅទីនោះ និងមានថ្ងៃកំណត់នៅម៉ោង ០៧៖០០នាទីព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ខាងមុខនេះ។

ខាងក្រុមហ៊ុន Dentsu ផ្ទាល់បានបញ្ជាក់ថា ក្រុមហ៊ុនពិតជាបានបិទទីស្នាក់ការកណ្តាលនៅតូក្យូមែន ដោយសារមានការគំរាមអំពីការបំផ្ទុះគ្រាប់បែក ហើយក៏បានជូនដំណឹងនេះទៅកាន់អាជ្ញាធរផងដែរ៕