(វ៉ាស៊ីនតោន)៖ បណ្តាញទំនាក់ទំនងសង្គម Twitter បានសម្រេចបិទឃ្លីបវីដេអូមួយ ដែលបានបង្ហោះដោយក្រុមយុទ្ធនាការរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនឲ្យដំណើរការ ដោយបានលើកជាហេតុផលថា ខុសគោលការណ៍ច្បាប់រក្សាសិទ្ធិ (copyright)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

ឃ្លីបវីដេអូខាងលើ គឺជាបណ្តុំរូបថត និងខ្សែវីដេអូនៃសកម្មភាពបាតុកម្មយ៉ាងហិង្សា ជុំវិញការស្លាប់របស់លោក Floyd ដោយមានបញ្ជូលសំឡេងរបស់លោក ដូណាល់ ត្រាំ នៅពីក្រោយផងដែរ។ ជុំវិញបញ្ហាដែលអាចបង្កភាពចម្រូងចម្រាស់ថ្មីនេះ អ្នកតំណាងឲ្យក្រុមហ៊ុន Twitter បាននិយាយថា ខ្លួនគ្រាន់តែធ្វើតាមគោលការណ៍រក្សាសិទ្ធិរបស់ខ្លួនប៉ុណ្ណោះ។ ដ្បិតថា វីដេអូនៅលើគណនីយុទ្ធនាការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺវាខុសគោលការណ៍រក្សាសិទ្ធិរបស់ក្រុមហ៊ុនមួយនេះ។ អ្នកតំណាងរូបនេះបានគូសបញ្ជាក់ថា «យើងបានឆ្លើយតបចំពោះបណ្តឹងរក្សាសិទ្ធិ ដែលបានផ្ញើមកយើង ដោយម្ចាស់ដើមផ្ទាល់តែម្តង»

គួរជម្រាបថា ប្រព័ន្ធទំនាក់ទំនងសង្គម បានស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹង ពីសំណាក់រដ្ឋាភិបាលរបស់លោក ត្រាំ បន្ទាប់ពីជម្លោះរវាងលោក ដូណាល់ ត្រាំ និងក្រុមហ៊ុន Twitter បានផ្ទុះឡើងកាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅនេះ។ ពោលបន្ទាប់ពីក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ បានជំរុញជាលើកដំបូងបំផុត ឲ្យអ្នកអានទាំងអស់ពិនិត្យភាពពិតជាក់ស្ដែងនៃព័ត៌មាន ឬសារបង្ហោះរបស់លោក ត្រាំ ក្រោយពីប្រធានាធិបតីរូបនេះបាននិយាយថា ការបោះឆ្នោតតាមរយៈសារអេឡិចត្រនិច ឬ E-mail អាចនឹងត្រូវបានគេបន្លំ៕