(ញូយ៉ក)៖ ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដែលត្រូវបានមហាជនប្រសិទ្ធនាមថា ជាវីរបុរសប្រយុទ្ធប្រឆាំងនឹង COVID-19 បានប្រកាសប្រឆាំងនឹងការរើសអើងពូជសាសន៍ នៅក្នុងប្រព័ន្ធសុខភាពសាធារណៈ តាមរយៈការចូលរួម និងគាំទ្របាតុកម្មជុំវិញការស្លាប់របស់លោក ចច ហ្វ្លយដ៍ (George Floyd)។ នេះតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

ជាមួយនឹងការស្លៀកពាក់ឯកសណ្ឋានពេទ្យ ក៏ដូចជាពាក់ម៉ាស់មុខ និងឧបករណ៍ការពារផ្សេងៗទៀតដូចជាវ៉ែនតាការពារភ្នែកជាដើម បុគ្គលិកពេទ្យប្រមាណ ១០០នាក់ បានដើរចេញពីមន្ទីរពេទ្យមួយដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះ ប៊ែលឡេវា (Bellevue Hospital) នៅទីក្រុងញូវយ៉ក នៅថ្ងៃព្រហស្បតិ៍ ទី០៤ មិថុនានេះ (ពេលវេលានៅញូយ៉ក) ដើម្បីប្រឆាំងនឹងទិដ្ឋភាពរើសអើងជាតិសាសន៍ ដែលបាននិងកំពុងកើតឡើង ក្នុងប្រព័ន្ធសុខាភិបាលរបស់សហរដ្ឋអាមេរិក។

ក្រុមគិលានុបដ្ឋាក និងវេជ្ជបណ្ឌិតទាំងនោះបានកាន់បដាធំៗ ដែលមានសរសេរថា «ការថែទាំសុខភាពគឺសម្រាប់ទាំងអស់គ្នា» និង «ការប្រកាន់ពូជសាសន៍ សម្លាប់អ្នកជំងឺរបស់ខ្ញុំ» ខណៈដែលពួកគេទាំងនោះបានលុតជង្គង់ យ៉ាងស្ងៀមស្ងាត់អស់រយៈពេល ០៨នាទី និង ៤៦វិនាទី ដែលជាថេរវេលាដែលប៉ូលិស មីននាផូលីស (Minneapolis) បានយកជង្គង់សង្កត់កររបស់ Floyd រហូតទាល់ដាច់ខ្យល់ស្លាប់។

វេជ្ជបណ្ឌិត ខាមីនី ឌូបេយ (Kamini Doobay) ដែលជាគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់នៅ Bellevue Hospital បានមានប្រសាសន៍ថា «យើងបានស្បថ ដើម្បីបម្រើដល់សហគមន៍ទាំងអស់។ យើងបានស្បថដើម្បីការពារសុខភាពសាធារណៈ ហើយឥឡូវនេះការប្រើប្រាស់កម្លាំងហួសប្រមាណ និងភាពសាហាវឃោឃៅរបស់ប៉ូលីស គឺជាភាពអាសន្នផ្នែកសុខភាពសាធារណៈ»។ ជាមួយគ្នានេះ គិលានុបដ្ឋាយិកាម្នាក់ ដែលមានពណ៌សម្បុរស្បែកខ្មៅបានប្រាប់មហាជនយ៉ាងដូច្នេះថា «ក្នុងនាមជាអ្នកជំនាញថែទាំសុខភាព ដែលបច្ចុប្បន្នកំពុងប្រយុទ្ធប្រឆាំងនឹង COVID-19 ម្នាក់ ខ្ញុំក៏នៅតែបន្តប្រយុទ្ធនឹងវីរុសរើសអើងជាតិសាសន៍»។

ដោយឡែកវេជ្ជបណ្ឌិត ដាមីឡូឡា អ៉ីដូវូ (Damilola Idowu) បាននិយាយថា «យើងឃើញអ្នកជំងឺដែលមានសម្បុរខ្មៅ ស្លាប់ដោយសារជំងឺរ៉ាំរ៉ៃជាច្រើន ដោយសារមិនមានការតាមដានត្រឹមត្រូវ ហើយជាការពិតយើងឃើញអំពើហិង្សា ដ៏សាហាវដែលកំពុងយាយីសហគមន៍ទាំងនេះ»។ គួរកត់សម្គាល់ថា ជំងឺរាតត្បាតសកល COVID-19 ដែលបានសម្លាប់ប្រជាជនទីក្រុងញូវយ៉កប្រមាណ ២១,០០០នាក់ ត្រូវបានគេសង្កេតឃើញថា ក្នុងនោះមានពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកច្រើនទ្វេដង បើធៀបនឹងអត្រាអ្នកស្លាប់ របស់ប្រជាពលរដ្ឋអាមេរិកស្បែកស។

គួរជម្រាបថា បាតុកម្មស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតាមមន្ទីរពេទ្យផ្សេងៗទៀត នៅក្នុងរដ្ឋញូយ៉ក ក៏ដូចជានៅតាមបណ្តារដ្ឋដ៏ទៃទៀតដែរ តួយ៉ាងដូចជា មជ្ឈមណ្ឌលវេជ្ជសាស្រ្តរដ្ឋតិចសាស់ និងមន្ទីរពេទ្យសាកលវិទ្យាល័យ ហូវើដ (Howard) នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីជាដើម៕