(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៥ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទនាំចូលពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលចិនបានឲ្យដឹងថា ក្នុងចំណោម ០៥ករណីឆ្លងថ្មី ដែលជាប្រភេទនាំចូលពីក្រៅប្រទេសខាងលើនេះ មាន ០៤ករណីត្រូវគេបានរាយការណ៍ចេញពីទីក្រុងសៀងហៃ (Shanghai) និង ០១ករណីទៀតត្រូវបានរាយការណ៍ចេញពីខេត្តស៊ីឈួន (Sichuan)។ សរុបករណីនាំចូល COVID-19 ពីក្រៅប្រទេស នៅទូទាំងប្រទេសចិនបានកើនដល់ ១,៧៦៨ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ១,៧០៧នាក់បានជាសះស្បើយឡើងវិញ និង ៦១នាក់ទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលនៅឡើយ។

ដោយឡែកសម្រាប់រយៈពេលដូចគ្នានេះ អាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០៨នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៣២៧នាក់។

គួរជម្រាបថា បើបូកបញ្ចូលទាំងករណីឆ្លងថ្មីៗទាំង ០៥ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨៣,០២៧ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់៕