(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់បានប្រកាសថា អ្នកទោសអាមេរិកម្នាក់ឈ្មោះ ម៉ៃខឺល វ៉ាយត៍ (Michael White) ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយកាលពីថ្ងៃព្រហស្បតិ៍ ដែលការសម្រេចចិត្តរបស់អាជ្ញាធរអ៉ីរ៉ង់នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរអាមេរិក បានសម្រេចដោះលែងអ្នកទោសជនជាតិអ៉ីរ៉ង់ម្នាក់ កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

លោក White ត្រូវបានដោះលែងក្រោយទទួលបានសេចក្តីសម្រេចពីតុលាការអ៉ីរ៉ង់ ក្រោមហេតុផលផលសិទ្ធិមនុស្ស ហើយក្រសួងការបរទេសអ៉ីរ៉ងក៏បានបញ្ជាក់ផងដែរថា នាយទាហានជើងចាស់អាមេរិក ដែលបានជាប់ឃុំឃាំងនៅអ៉ីរ៉ង់អស់ពីរឆ្នាំមកហើយនេះ បានចេញពីទឹកដីអ៉ីរ៉ង់បាត់ហើយ។

គួរបញ្ជាក់ថា ការដោះលែងជនជាតិអាមេរិកខាងលើនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៉ីរ៉ង់បានសម្រេចដោះលែងអ្នកវិទ្យាសាស្ត្រជនជាតិអ៉ីរ៉ង់មួយរូបឈ្មោះ ស៊ីរួស អាសហ្គារី (Sirous Asgari)។ យ៉ាងណាក៏ដោយ អាជ្ញាធរអ៉ីរ៉ង់បានចេញមុខបញ្ជាក់ថា ការដោះលែងអ្នកទោសអាមេរិកខាងលើនេះ គឺមិនមែនជាការដោះដូរអ្នកទោស រវាងប្រទេសទាំងពីរនោះឡើយ៕