(អាមេរិក)៖ បុរសស្បែកខ្មៅអាមេរិកដែលមិនមែនជាបាតុករផងនោះ ត្រូវបានអាជ្ញាធរប៉ូលិសអាមេរិកបាញ់បណ្តាលឲ្យស្លាប់ ពេលអាជ្ញាធរបំបែក ក្រុមបាតុករនៅទីតាំងមួយកន្លែងក្នុងទីក្រុង ល្វីសវាល (Louisville) នៃរដ្ឋខិនទុកឃី (Kentucky) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានអង់គ្លេស The Independent នៅល្ងាចថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។

ជនរងគ្រោះខាងលើមានឈ្មោះថា ដេវីដ ម៉ាកអេធី (David McAtee) អាយុ ៥៣ឆ្នាំ មានមុខរបរជាម្ចាស់ហាងលក់សាច់អាំងមួយកន្លែង។ ប៉ូលិសក្រុង Louisville បានប្រាប់ថា លោកបានបាត់បង់ជីវិតនៅពេលប៉ូលិស និងកងឆ្មាំការពារជាតិបានបាញ់កាំភ្លើង សំដៅទៅកាន់ហ្វូងបាតុករ បន្ទាប់ពីមានការបាញ់មកលើខាងអាជ្ញាធរ។ មន្រ្តីប៉ូលិសពីរនាក់ ដែលពាក់ព័ន្ធក្នុងករណីបាញ់ប្រហារនោះ មិនបានបើកដំណើរការកាមេរ៉ា ដែលបំពាក់ជាប់ខ្លួនពួកគេឡើយ មុនការផ្ទុះអាវុធកើតឡើង។ កងកម្លាំងត្រូវបានបញ្ជូន ឲ្យទៅកាន់កន្លែងចំណតរថយន្តមួយកន្លែង ដើម្បីបំបែកក្រុមបាតុករ។

ជុំវិញហេតុការណ៍ខាងលើ អភិបាលក្រុង Louisville លោក ហ្គ្រេក ហ្វីសសឺ (Greg Fischer) បានសម្រេចដកតួនាទីមេបញ្ជាការប៉ូលិសប្រចាំទីក្រុងនេះចោល ហើយមន្រ្តីប៉ូលិសពីរនាក់នោះ ដែលត្រូវបានព្យួរការងារជាបណ្តោះអាសន្នផងដែរ។ ចំណែកអភិបាលរដ្ឋ Kentucky លោក អ៊ែឌី បេហ្ស៊ារ (Andy Beshear) បាននិយាយថា ប៉ូលិសប្រចាំរដ្ឋរបស់លោក នឹងបើកការស៊ើបអង្កេតជុំវិញការស្លាប់របស់លោក McAtee។

គួរជម្រាបថា ស្របពេលដែលការអះអាងពីខាងប៉ូលិសនៃទីក្រុង Louisville គឺប៉ូលិសរបស់ខ្លួន ០២នាក់ និងកងឆ្មាំការពារជាតិ ០២នាក់ទៀត បានសម្រេចប្រើអាវុធបែបនេះ ដោយសារតែមានការបាញ់ប្រហារមុន ទៅលើពួកគេពីខាងក្រុមបាតុករ មនុស្សមួយចំនួនបានអះអាងផ្ទុយវិញថា ពេលនោះគឺខាងអាជ្ញាធរអាមេរិកប្រើកម្លាំងបាញ់ ដើម្បីអនុវត្តបម្រាមគោចរ មិនមែនបំបែកហ្វូងបាតុករទេ៕