(ញូដេលី)៖ ប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះកំពុងប្រឈមមុខការវាយប្រហារ​ដោយព្យុះស៊ីក្លូនថ្មីមួយផ្សេងទៀតហើយ ស្របពេលដែលស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសខ្លួន នៅមិនទាន់មានភាពធូរស្រាលនៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២០។

អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ពួកគេបានចាប់ផ្តើមជម្លៀសប្រជាជនចេញពីតំបន់ទំនាប នៅជុំវិញទីក្រុង ម៉ុមបៃ (Mumbai) ព្រោះព្យុះស៊ីក្លូនថ្មីមួយត្រូវគេរំពឹងថា នឹងបោកបក់មកដល់បណ្តោយឆ្នេរភាគខាងលិច របស់ប្រទេសឥណ្ឌានៅថ្ងៃពុធសប្តាហ៍នេះ។ តាមការព្យាករណ៍ ព្យុះស៊ីក្លូនដែលមានឈ្មោះថា នីសាហ្គា (Nisarga) និងប្រភពមកពីសមុទ្រអារ៉ាប់នឹងមកដល់ក្បែរទីក្រុង​ដែលមានមនុស្សរស់នៅច្រើនបំផុតរបស់ឥណ្ឌាមួយនេះ នៅពេលរសៀលថ្ងៃពុធ។

ការមកដល់នៃព្យុះស៊ីក្លូន Nisarga នឹងដាក់បន្ទុកកាន់តែខ្លាំងថែមទៀត​ទៅលើបណ្តាភ្នាក់ងារផ្នែកសង្រ្គោះបន្ទាន់របស់ឥណ្ឌា ដែលកំពុងតែរវល់វីវក់ស្រាប់ ដោយសារវិបត្តិជំងឺឆ្លង COVID-19។ ក្នុងចំណោមករណីឆ្លង ១៩៩,៦១៣ករណី នៅទូទាំងប្រទេសនៅទីក្រុង Mumbai មានជាង ៥៣,០០០ករណី។ ដោយឡែកក្នុងចំណោមករណីស្លាប់សរុបជាង ៥,៦០០នាក់វិញ នៅ Mumbai មានជាង ១,៦០០នាក់។

គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ ព្យុះស៊ីក្លូនដ៏ខ្លាំងមិនធ្លាប់មានមួយ បានបោកបក់ឆ្លងកាត់រដ្ឋ អូឌីសា (Odisha) និង វែសត៍បឹងហ្គាល់ (West Bengal) នៅភាគខាងកើតប្រទេសឥណ្ឌា ដែលបង្កការខូចខាតទំហំដល់ទៅ ១៣ពាន់លានដុល្លារលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំ ព្រមទាំងបង្កឲ្យមនុស្សស្លាប់សរុបច្រើនជាង ១០០នាក់ គិតទាំងនៅក្នុងប្រទេសឥណ្ឌាផ្ទាល់ និងនៅបង់ក្លាដែសដែលនៅជិតខាងគ្នា៕