(វ៉ាស៊ីនតោន)៖ មកទល់ពេលនេះបាតុកម្មតវ៉ាប្រឆាំងនឹង អំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិសអាមេរិក និងទាមទារយុត្តិធម៌ឱ្យពលរដ្ឋស្បែកខ្មៅលោក ចច ហ្វ្លយដ៍ (George Floyd) បានអូសបន្លាយអស់រយៈពេលប្រមាណជិតមួយសប្តាហ៍ហើយ ខណៈអ្នកជំនាញមួយចំនួនបានបង្ហាញថា វានឹងពិបាកការត្រឡប់ក្រោយ ហើយជំងឺរាប់សតវត្សរ៍នៅក្នុងសង្គមអាមេរិកនេះ អាចនឹងរើឡើងវិញក្នុងទ្រង់ទ្រាយធំ។

ខាងក្រោមនេះគឺជាហេតុការណ៍មួយចំនួនថែមទៀត ដែលទើបតែបានកើតឡើង កំឡុងការបន្តធ្វើបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក៖

* កងកម្លាំងឆ្មាំការពារជាតិនិងប៉ូលិសអាមេរិកនៅរដ្ឋ មីននីសូតា (Minnesota) ត្រូវគេមើលឃើញថា ហាក់ដូចបានប្រើគ្រាប់កាំភ្លើងពណ៌បាញ់មកលើប្រជាជន ដែលឈរមើលពួកខ្លួនពីលំនៅឋាននៅទីក្រុង មីននាផូលីស (Minneapolis)។

* មានការបង្ហោះឃ្លីបវីដេអូមួយ ដែលបង្ហាញឲ្យឃើញពីសកម្មភាពប៉ូលិសអាមេរិក ប្រើហិង្សាទាត់ធាក់លើនារីវ័យក្មេងម្នាក់ ដែលអង្គុយលើថ្នល់ហើយយកដៃបាំងមុខ។ ហេតុការណ៍នេះកើតឡើងនៅទីក្រុង អេរី (Erie) នៃរដ្ឋភែនស៊ីលវេនៀ (Pennsylvania)។

* ក្រុមអ្នកជំនាញព្រមានថា ការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក អាចបើកឲ្យឱកាសឲ្យមានការឆ្លងរាតត្បាតខ្លាំងសាជាថ្មីនៃជំងឺ COVID-19។

* មានការបង្ហោះឃ្លីបវីដេអូមួយ បង្ហាញឲ្យឃើញពីសកម្មភាពប៉ូលិសអាមេរិកប្រឆាំងកុប្បកម្ម ០២នាក់នៅទីក្រុង ស៊ីតថល (Seattle) រដ្ឋវ៉ាស៊ីនតោនស្ទេត ធ្វើការចាប់ខ្លួនបាតុករម្នាក់ ដោយក្នុងវីដេអូនោះគេឃើញប៉ូលិសម្នាក់ ដាក់ជង្គង់សង្កត់លើកបាតុករនោះ ខណៈដែលប៉ូលិសម្នាក់ទៀតចាប់ដៃបាតុករវាយខ្នោះ។ ការដាក់ជង្គង់សង្កត់ករបៀបនេះហើយ គឺជាមូលហេតុដែលបានធ្វើឲ្យលោក ហ្វ្លយដ៍ (Floyd) ស្លាប់នៅរដ្ឋ Minnesota។

* ប៉ូលិសអាមេរិក ០២នាក់នៅទីក្រុងអាត្លង់តា (Atlanta) នៃរដ្ឋចរជា (Georgia) ត្រូវបានបញ្ឈប់ពីតួនាទី ក្រោយប្រើអំពើហិង្សាលើនិស្សិតប្រុស-ស្រីពីរនាក់ ដែលកំពុងជិះក្នុងរថយន្ត ដោយថែមទាំងបានប្រើប្រដាប់ឆក់លើនិស្សិតប្រុសទៀតផង។

គួរបញ្ជាក់ថា បាតុកម្មមិនត្រឹមតែកើតឡើងនៅច្រើនទីក្រុង ទូទាំងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានរីករាលដាលដល់ប្រទេសធំៗមួយចំនួនផងដែរ ដូចជានៅកាណាដា អង់គ្លេស និងអាល្លឺម៉ង់ជាដើម ហើយបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត ក៏ត្រូវបានគេរំពឹងថា នឹងអាចមានបាតុកម្មផ្ទុះឡើងផងដែរ នៅក្នុងករណីដែលយុត្តិធម៌ មិនទាន់ត្រូវបានផ្តល់ដល់បុរសស្បែកខ្មៅ George Floyd៕

ប្រភព៖ CGTN, CNN, វ៉ាស៊ីនតោនប៉ុស្តិ៍, CNA និងស៊ីនហួរ (ថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០)