(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១៦ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលចិនបានឲ្យដឹងថា ក្នុងចំណោម ១៦ករណីឆ្លងថ្មីខាងលើនេះមាន ១១ករណីត្រូវគេបានរាយការណ៍ចេញពីខេត្តស៊ីឈួន (Sichuan), ០៣ករណីចេញពីតំបន់ស្វយ័ត អ៊ីនណឺម៉ុងហ្គោលី (Inner Mongolia) និង ០២ករណីទៀតចេញពីខេត្តក្វាងទុង (Guangdong)។ ជាសរុបករណីនាំចូល COVID-19 ពីក្រៅប្រទេស នៅទូទាំងប្រទេសចិនបានកើនដល់ ១,៧៥៦ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ១,៦៩៤នាក់បានជាសះស្បើយឡើងវិញ និង៦២នាក់ទៀត កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលនៅឡើយ។

ដោយឡែកសម្រាប់រយៈពេលដូចគ្នានេះ អាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០៣នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៣០៧នាក់។

គួរជម្រាបថា បើបូកបញ្ចូលទាំងករណីឆ្លងថ្មីៗទាំង ១៦ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨៣,០១៧ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់៕