(វ៉ាស៊ីនតោន)៖ បងប្អូនប្រុសរបស់ George Floyd គឺលោក Philonise Floyd នៅថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បានទាមទារ ឲ្យប៉ូលិស៣នាក់ទៀត ដែលពាក់ព័ន្ធក្នុងការស្លាប់របស់លោក George Floyd ត្រូវចាប់ខ្លួនហើយទទួលទោសតាមច្បាប់។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីស្ថានីយទូរទស្សន៍ CNN នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។

លោក Philonise Floyd បានសួរទៅកាន់មេបញ្ជាការប៉ូលិសនៃទីក្រុង Minneapolis លោក Medaria Arradondo ថាតើមេប៉ូលិសរូបនេះនឹងរក យុត្តិធម៌ឲ្យលោក George Floyd ហើយចាប់ខ្លួនព្រមទាំងផ្តន្ទាទោសប៉ូលិសទាំងអស់ ដែលពាក់ព័ន្ធដែរឬទេ។ សំណួររបស់លោក Philonise Floyd ត្រូវបានពាំនាំដោយអ្នករាយការណ៍ព័ត៌មានម្នាក់របស់ CNN ដែលបានសម្ភាសន៍លោក Arradondo។

ពេលនោះ លោក Arradondo បានឆ្លើយតបដូច្នេះថា «ការនៅស្ងៀមឬមិនជួយឃាត់ ចំពោះខ្ញុំផ្ទាល់គឺមានន័យថា អ្នកឯងក៏បានចូលរួមធ្វើ ទង្វើនោះដែរ។ ខ្ញុំចង់បញ្ជាក់ថា ការសម្រេចចិត្តដកតួនាទីមន្រ្តីប៉ូលិសទាំង០៤នាក់ គឺមិនមែនធ្វើឡើងដោយផ្អែកលើ ឋានានុក្រមអ្វីនោះទេ គឺផ្អែកលើហេតុផលជាក់ស្តែងថា លោក George Floyd ស្លាប់ក្នុងដៃរបស់ពួកយើង»

លោក Arradondo បានបន្តថា ទាក់ទងការចាប់ខ្លួន និងចោទប្រកាន់ គឺការសម្រេចចិត្តរឿងទាំងនេះ នឹងអាស្រ័យទៅលើខាងការិយាល័យ រដ្ឋអាជ្ញា។ យ៉ាងណាមិញ លោក Philonise Floyd បាននិយាយថា «ពួកគេមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដកតួនាទីមន្រ្តីប៉ូលិសទាំងនោះ ដូច្នេះពួកគេក៏គួរតែមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចាប់ខ្លួនទាំងអស់ដែរ»

គួរជម្រាបថា ក្នុងចំណោមមន្រ្តីប៉ូលិស០៤នាក់ ដែលពាក់ព័ន្ធក្នុងការស្លាប់របស់លោក George Floyd គឺម្នាក់ឈ្មោះ Derek Chauvin ដែលជា អ្នកយកជង្គង់សង្កត់កលោក Floyd រហូតដល់ស្លាប់ បើទោះបីជាមានការអង្វរករថាពិបាកដង្ហើម ពីសំណាក់លោក Floyd យ៉ាងណាក៏ដោយ នោះ គឺត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មកម្រិតស្រាល និងពីបទមនុស្សឃាតដោយអចេតនា។ លោក Chauvin នឹងត្រូវឡើងតុលាការនៅថ្ងៃចន្ទនេះ៕