(សេអ៊ូល)៖ កូរ៉េខាងជើងនឹងបើកសាលារៀនឡើងវិញទាំងអស់ នៅក្នុងខែមិថុនានេះ បន្ទាប់ពីបានបិទទា្វរអស់មួយរយៈ ដើម្បីទប់ស្កាត់ជំងឺ COVID-19 ខណៈការភ័យខ្លាចពីការឆ្លងរាតត្បាតបានធូរស្បើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។

មកទល់នឹងពេលនេះទីក្រុងព្យុងយ៉ាងមិនបានរាយការណ៍ ឬទទួលស្គាល់ពីការឆ្លង COVID-19 សូម្បីតែមួយករណីនៅក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែអាជ្ញាធរ បានដាក់ចេញវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹងជាច្រើន ក្នុងនោះមានទាំងការបិទព្រំដែន បិទសាលារៀន និងដាក់ឱ្យមនុស្សរាប់ពាន់នាក់ នៅស្ថិតនៅដាច់ដោយឡែកពីគេរហូតដល់ ៣០ថ្ងៃ។

ថ្នាក់ចូលរៀនជាថ្មី ដែលដំបូងឡើយគ្រោងនឹងបើកទ្វារឡើងវិញ កាលពីដើមខែមេសាកន្លងទៅ ត្រូវបានពន្យារពេលជាបន្តបន្ទាប់ រីឯថ្នាក់សាកលវិទ្យាល័យ និងវិទ្យាល័យខ្លះ បានបើកទ្វារកាលពីពាក់កណ្ដាលខែមេសាមកម្ល៉េះ។ តែដោយមើលឃើញពីភាពធូរស្រាលនៃស្ថានភាព COVID-19 ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើងបានរាយការណ៍ថា សាលារៀនទាំងអស់នៅទូទាំងប្រទេស នឹងត្រូវបើកទ្វារឡើងវិញ នៅក្នុងខែមិថុនា។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឆមាសថ្មីនឹងចាប់ផ្ដើមឡើងវិញសម្រាប់ដថ្នាក់ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងប្រទេសនៅដើមខែមិថុនានេះ ហើយវិធានការចត្តាឡីស័ក ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់មជ្ឈមណ្ឌលមើលថែក្មេង និងថ្នាក់មត្តេយ្យ»

គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅទទាំងពិភពលោកបានកើនលើស ៦.១លាននាក់ ក្នុងនោះមនុស្សប្រមាណ ៣៧០,០០០នាក់ នៅទូទំាងប្រទេស និងដែនដីចំនួន ១៩៧ លើកលែងតែកូរ៉េខាងជើង ដែលមិនទាន់បានអះអាងពីការរកឃើញករណីឆ្លង៕