(ប៉េកាំង)៖ ចិននាថ្ងៃសុក្រម្សិលមិញនេះ បានរិះគន់សហរដ្ឋអាមេរិក ដោយសារតែការទាមទារឲ្យមានកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ ដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ស្តីពីបញ្ហាច្បាប់សន្តិសុខជាតិ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង ចង់អនុវត្តទៅលើទីក្រុងហុងកុង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) បាននិយាយថា ការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន គឺជារឿងគ្មានសមហេតុផលអ្វីបន្តិចសោះ និងជាការអុកឡុកបង្កហេតុដោយចេតនា។ លោក Zhao បានសង្កត់ធ្ងន់ថា ហុងកុងគឺជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន ហើយស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ពីរដ្ឋាភិបាលចិន។

អ្នកនាំពាក្យរដ្ឋាភិបាលចិនរូបនេះបានបន្តថា «នេះគឺជារឿងផ្ទៃក្នុងប្រទេសចិនសុទ្ធសាធ ដូច្នេះហើយគ្មានប្រទេសដទៃណាមានសិទ្ធិមក ជ្រៀតជ្រែកនោះទេ»។ លោក Zhao បានគូសបញ្ជាក់ថា UNSC មានកាតព្វកិច្ចរការពារសន្តិភាព និងស្ថិរភាពអន្តរជាតិ តែច្បាស់សន្តិសុខជាតិសម្រាប់ហុងកុង មិនស្ថិតនៅក្រោមវិសាលភាព នៃការទទួលខុសត្រូវរបស់ UNSC ឡើយ។

លោក Zhao Lijian បានលើកឡើងបន្ថែមទៀតថា ការមិនចូលលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសដទៃ គឺជាគោលការណ៍មូលដ្ឋានមួយនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងជាបទដ្ឋានទូទៅនៃទំនាក់ទំនងអន្តរជាតិ ហើយ UNSC មិនមែនជាឧបករណ៍សម្រាប់ឲ្យអាមេរិក ប្រើប្រាស់តាមតែចិត្តនោះទេ។ ម៉្យាងវិញទៀត ចិននិងប្រទេសដទៃទៀត ក៏មិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកយក UNSC ទៅបម្រើគោលដៅនយោបាយរបស់ខ្លួនដែរ។

ជាចុងក្រោយ លោក Zhao បានទទូចឲ្យសហរដ្ឋអាមេរិកបញ្ឈប់ទង្វើគ្មានន័យទាំងនេះ ហើយងាកទៅធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ សហគមន៍អន្តរជាតិវិញគឺប្រសើរជាង៕