(មីននាផូលីស)៖ នៅទីបំផុតទៅ អតីតមន្រ្តីប៉ូលិសក្រុងមីននាផូលីស (Minneapolis) លោក ដេរិក ឆូវីន (Derek Chauvin) ដែលបានសង្កត់កជនជាតិស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ (George Floyd) រហូតដល់ស្លាប់នៅទីក្រុង មីននាផូលីស (Minneapolis) ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ជាផ្លូវការហើយ នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅមីននាផូលីស) ពីបទឃាតកម្មកម្រិត៣ និងឃាតកម្មដោយអចេតនាកម្រិត២ ក្នុងការសម្លាប់លោក Floyd។ ប៉ុន្តែតើដើមចមនៃរឿងនេះជាអ្វីឲ្យប្រាកដ?

នៅក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយ តាមបណ្ដាញសង្គម បុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd ត្រូវបានប៉ូលិសស្បែកសម្នាក់ លុតជង្គង់សង្កត់លើកញ្ចឹងកអស់រយៈពេលជាច្រើននាទី បើទោះជាមានការអង្វរយ៉ាងណាក៏ដោយ។ នៅក្នុងវីដេអូដដែលនេះ បុរសជនរងគ្រោះស្បែកខ្មៅវ័យ ៤៦ឆ្នាំរូបនេះ បានស្រែកយំ និងសុំអង្វរឱ្យប៉ូលិសយកជង្គង់ចេញពីករបស់ខ្លួន ដោយសារតែពិបាកដង្ហើម។ ប៉ុន្តែប៉ូលិសស្បែកសរូបនោះ មិនបានខ្វល់ពីការអង្វរនេះទេ ដែលជាហេតុធ្វើឲ្យលោកថប់ដង្ហើម និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ចំណែកឯ មូលហេតុដែលបណ្តាលឲ្យប៉ូលីសប្រើអំពើហិង្សា លើជនជាតិស្បែងខ្មៅខាងលើរហូតដល់ស្លាប់បែបនេះ ត្រូវបានសារព័ត៌មានអង់គ្លេសមួយរាយការណ៍ឲ្យដឹងថា ដោយសារតែ Floyd បានប៉ុនប៉ងគិតលុយឲ្យហាងលក់អាហារមួយឈ្មោះ Cup Foods deli ដោយប្រើប្រាស់ក្រដាសប្រាក់ ២០ដុល្លារក្លែងក្លាយ។

លោក Mahmoud Abumayyaleh ដែល​ជា​សហ​ម្ចាស់​ហាង Cup Foods deli បាន​ប្រាប់​ថា បុគ្គលិក​ម្នាក់​របស់​គាត់ បាន​ទូរស័ព្ទ​ទៅ​ប្តឹង​ប៉ូ​លី​ស បន្ទាប់​ពី​បុគ្គលិក​ហាង​ចោទប្រកាន់​លោក ច​ច ផ្ល​យ ថា​បាន​ផ្តល់​ប្រាក់​ក្លែងក្លាយ បង់​ក្នុង​វិ​ក័យ​ប័ត្រ​អាហារ។ លោក​ថា៖ «​បុគ្គលិក​របស់ខ្ញុំបាន​ទូរស័ព្ទ​ទៅ​ប៉ូ​លិ​ស ហើយ​នៅ​ពេល​ប៉ូ​លិសម​ក​ដល់​លោក ផ្ល​យ នៅ​ខាងក្រៅ​ហាង ពេល​នោះ​ហើយ​ដែល​ក្រុម​មន្ត្រី​ប៉ូលិស​ចូល​ទៅ​ជិត​គាត់ ដើម្បី​ចាប់ខ្លួន​ និងសង្កត់កគាត់»។ ម្ចាស់​ហាងបន្ត​ថា ផ្ល​យ ប្រឆាំង​នឹង​មន្ត្រី​ប៉ូលិស​នោះ​ទេ។

ម្ចាស់​ហាង​បាននិយាយ​ទៀត​ថា សមាជិកគ្រួសារ​របស់​លោក​ម្នាក់ ក្រោយ​ពី​បានឃើញ​លោក ច​ច ផ្ល​យ ត្រូវ​បាន​ឃាត់​នៅ​ខាងក្រៅ ក៏​ព្យាយាម​ធ្វើ​អន្តរាគមន៍ ដោយ​ស្នើ​សុំ​ឲ្យ​មន្ត្រី​រូប​នោះ​យក​ជង្គង់​របស់​គាត់​ចេញពី​កញ្ចឹងក​បុរស​នោះ។ វា​ពិតជា​គួរ​ឱ្យ​សោកស្តាយ​ណាស់ ហើយ​យើង​សូម​ចូលរួម​មរណទុក្ខជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​លោក ផ្ល​យ។

បើតាមគោលការណ៍ណែនាំការកាត់ទោស របស់រដ្ឋមីនីសូតាបានឲ្យដឹងថា សម្រាប់ឃាតកម្មកម្រិត ៣ នឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំកន្លះ។ ចំណែកឯឃាតកម្មដោយអចេតនាកម្រិត ២ វិញ នឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ០៤ ឆ្នាំ។ ទោះជាយ៉ាងណា លោក បិន ក្រាំ (Ben Crump) ដែលជាមេធាវីរបស់ក្រុមគ្រួសារជនរងគ្រោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់ប្រឆាំងនឹងលោក Chauvin «គឺជាទង្វើគួរឲ្យស្វាគមន៍ ប៉ុន្តែវាបានដើរហួសផ្លូវឆ្ពោះទៅរកយុត្តិធម៌... ក្រុមគ្រួសារសពចង់បាន ការចោទប្រកាន់ពីបទឃាតកម្មកំរិតដំបូង (កម្រិត៣) ហើយចង់ឃើញមន្រ្តីប៉ូលិសផ្សេងទៀត ត្រូវចាប់ខ្លួនផងដែរ»។

គួរជម្រាបថា កុប្បកម្ម និងបាតុកម្មបានផ្ទុះរីករាលដាលជាច្រើនកន្លែង នៅសហរដ្ឋអាមេរិក ដើម្បីសម្ដែងការខឹងសម្បារ ក៏ដូចជាទាមទារយុត្តិធម៌ឲ្យបុរសជនរងគ្រោះ។ រូបភាពគួរឲ្យតក់ស្លុត បានបង្ហាញពីការបំផ្លិចបំផ្លាញ រីករាលដាលពាលពេញទីក្រុង។ ហាងទំនិញល្បីៗដូចជា វិនឌី (Wendy), ថាហ្គែត (Target), វ៉លម៉ាត (Walmart) និង អូតូហ្សូន (Autozone) ត្រូវបានគេវាយ និងចូលលួចទំនិញ ហើយខ្លះទៀតត្រូវបានដុតបំផ្លាញ ។

នៅចំពោះមុខការផ្ទុះឡើងនូវការខឹងសម្បារ ពីសំណាក់ពលរដ្ឋអាមេរិកស្បែកខ្មៅបែបនេះ អភិបាលរដ្ឋមីណេសូតា (Minnesota) លោក ធីម វ៉លស៍ (Tim Walz) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបើកប្រតិបត្តិការឆ្មាំការពារជាតិ ក្នុងគោលបំណងជួយរក្សា និងការពារស្ថេរភាពរបស់រដ្ឋនេះ។ ទន្ទឹមនឹងនោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានអនុញ្ញាតឲ្យប្រើយោធាបង្ក្រាប ក្នុងករណីភាពចលាចលនៅរដ្ឋ Minnesota គ្រប់គ្រងលែងបានផងដែរ៕