(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានសម្រេចកំណត់ចំនួនសិស្សានុសិស្ស​ដែលទៅសាលារៀននៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញ ខណៈអាជ្ញារធររបស់ប្រទេសអាស៊ីបូព៌ាមួយនេះ កំពុងខិតខំដោះស្រាយករណីឆ្លងថ្មីៗនៃ COVID-19 ដែលគំរាមកំហែងដល់ភាពជោគជ័យរបស់ខ្លួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។

អាជ្ញាធរកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា មានតែសិស្សមួយភាគបីប៉ុណ្ណោះ នៅថ្នាក់មត្តេយ្យ បឋមសិក្សា និងអនុវិទ្យាល័យក្នុងទីក្រុងសេអ៊ូល និងជាយទីក្រុង ដែលអាចចូលរៀននៅសាលាផ្ទាល់បាន ខណៈសិស្សានុសិស្សដទៃទៀត ត្រូវរៀនពីផ្ទះរបស់ពួកគេ តាមការចាត់តាំងកម្រិតសមត្ថភាពពីគ្រូបន្ទុកថ្នាក់។

កូរ៉េខាងត្បូង កាលពីដើមទីត្រូវបានគេចាត់ទុកថា ជាប្រទេសដែលបានរងគ្រោះធ្ងន់ធ្ងរមួយ ដោយសារ COVID-19 នៅក្រៅទឹកដីចិន។ ប៉ុន្តែមិនបានប៉ុន្មានប្រទេសមួយនេះ អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនបានចាត់វិធានការបិទប្រទេស ដូចបណ្តាប្រទេសដទៃធ្វើនោះឡើយ នៅចំពោះមុខវិបត្តិសកល COVID-19 នេះ។

ទោះជាយ៉ាងណា នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ចំនួនករណីឆ្លងថ្មី ហាក់បានកើនឡើងបន្តិចមកវិញ នេះក៏ព្រោះតែមានចង្កោមថ្មីបានផ្ទុះឡើងវិញ នៅតំបន់ជាយរដ្ឋធានីសេអ៊ូល។ ជាក់ស្តែងកាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីរហូត ៧៩ករណី ដែលជាតួលេខបំផុតបើប្រៀបធៀបនឹងតួលេខ នារយៈពេលចុងក្រោយនេះ។

គួរជម្រាបថា ពីដំបូងឡើយប្រទេសកូរ៉េខាងត្បូង ត្រូវបានចាត់ទុក ជាប្រទេសជោគជ័យមួយបន្ទាប់ពីចិន ក្នុងការទប់ស្កាត់ការឆ្លង COVID-19 និងដាក់វាឲ្យស្ថិតក្នុងការគ្រប់គ្រង។ ប៉ុន្តែក្រោយការផ្ទុះករណីឆ្លងជាចង្កោមនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជាយទីក្រុងនេះ បាននាំឲ្យមានការព្រួយបារម្ភ ពីការផ្ទុះរលកទី២ នៃជំងឺ COVID-19។ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូងមានករណីឆ្លងសរុប ១១,៤៤១ករណី ក្នុងនោះស្លាប់ ២៦៩នាក់ និងជាសះស្បើយ ១០,៣៩៨នាក់៕