(អាមេរិក)៖ នៅទីបំផុតអតីតមន្រ្តីប៉ូលិសទីក្រុង មីននាផូលីស (Minneapolis) លោក Derek Chauvin ដែលបានសង្កត់កជនជាតិស្បែកខ្មៅឈ្មោះ George Floyd រហូតដល់ស្លាប់ នៅទីក្រុង Minneapolis ត្រូវបានចាប់ខ្លួន នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះនាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

ដោយសារករណីនេះក្រុមបាតុករបានធ្វើបាតុកម្មតវ៉ាដ៏កក្រើកនៅតាមបណ្តារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក ដើម្បីទាមទាររកយុត្តិធម៌ ឱ្យបុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (George Floyd) ដែលបានបាត់បង់ជីវិតនៅក្នុងទីក្រុង មីននាផូលីស (Minneapolis) នៃរដ្ឋមីនណេសូតា (Minnesota)។

Floyd ត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ស្លាប់ បើទោះជារូបគេបានសុំអង្វរ និងស្រែកប្រាប់ថា មិនអាចដកដង្ហើមបានយ៉ាងណាក៏ដោយ។ ក្រុមបាតុករក៏បានស្រែកពាក្យស្លោក «ខ្ញុំមិនអាចដកដង្ហើម» នៅក្នុងបាតុកម្មតវ៉ារបស់ពួកគេផងដែរ។ ប៉ុន្តែបាតុកម្មតវ៉ាបានប្រែទៅជាអំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករ ហើយជាលទ្ធផលមនុស្សជាច្រើនត្រូវបានចាប់ខ្លួន។

បាតុកម្មតវ៉ាប្រឆាំងនឹងអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិសស្បែកស លើពលរដ្ឋអាមេរិកស្បែកខ្មៅ បានផ្ទុះឡើងដូចគ្នានៅតាមទីក្រុងជាច្រើនទៀត នៃសហរដ្ឋអាមេរិក ដូចជាទីក្រុង ឡូសអាន់ជែលែស (Los Angeles), មែមភីស (Memphis) និងជាពិសេសនៅទីក្រុង Minneapoli នៃរដ្ឋ Minnesota ជាទីដែលអភិបាលរដ្ឋលោក ធីម វ៉លស៍ (Tim Walz) ប្រកាសដាក់រដ្ឋមួយក្នុងភាពអាសន្នកាលពីថ្ងៃព្រហស្បតិ៍៕