(វ៉ាស៊ីនតោន)៖ លោក Omar Jimenez ដែលជាអ្នករាយការណ៍ព័ត៌មានរបស់ស្ថានីយទូរទស្សន៍ដ៏ធំអាមេរិក CNN និងក្រុមការងារ ត្រូវបានដោះលែងវិញហើយ បន្ទាប់ពីត្រូវប៉ូលិសចាប់ខ្លួន ពេលកំពុងផ្សាយផ្ទាល់អំពីទិដ្ឋភាពនៃបាតុកម្មនៅឯទីក្រុង Minneapolis នៃរដ្ឋ Minnesota។ នេះបើតាមការដកស្រង់ការផ្សាយចេញពីស្ថានីយទូរទស្សន៍ CNN ផ្ទាល់ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។

ការចាប់ខ្លួនលោក Omar Jimenez និងក្រុមការងារ០៣នាក់ផ្សេងទៀត បានកើតមានឡើងកាលពីវេលាម៉ោង០៥៖១១នាទីព្រឹក ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) នៅពេលពួកគេកំពុងធ្វើការផ្សាយផ្ទាល់នៅលើផ្លូវ ក្បែរកងកម្លាំងប៉ូលិស ប្រឆាំង កុបកម្មនៃទីក្រុង Minneapolis។ ពេលនោះខាងប៉ូលិសបានមកសួរនាំ ហើយលោក Omar Jimenez ក៏បានបង្ហាញប័ណ្ណ សម្គាល់ខ្លួនជាបុគ្គលិករបស់ទូរទស្សន៍ CNN។ យ៉ាងណាមិញ លោក Jimenez និងក្រុមការងារក៏ត្រូវបានចាប់វាយខ្នោះតែម្តង។

ការដោះលែងលោក Jimenez និងក្រុមការងារវិញ ត្រូវបានធ្វើឡើង បន្ទាប់ពីអគ្គនាយកស្ថានីយទូរទស្សន៍ CNN លោក Jeff Zucker បានជជែកជាមួយអភិបាលរដ្ឋ Minnesota លោក Tim Walz។ លោក Walz បាននិយាយថា លោកពិតជាសុំទោសចំពោះ អ្វីដែលបានកើតឡើង ហើយលោកនឹងចាត់ចែងឲ្យមានការដោះលែងក្រុម អ្នករាយការណ៍ព័ត៌មានរបស់ CNN ជាបន្ទាន់។

លោកអភិបាលរដ្ឋ Minnesota បានបញ្ជាក់ថា ការចាប់ខ្លួននោះគឺជារឿងមិនអាចទទួលយកបានឡើយ ព្រោះក្រុមការងាររបស់ CNN ច្បាស់ណាស់មានសិទ្ធិត្រឹមត្រូវ ដើម្បីរាយការណ៍ព័ត៌មានពីទីនោះ ហើយលោកស្វាគមន៍ចំពោះបណ្តាញសារព័ត៌មានមកកាន់រដ្ឋ Minnesota ដើម្បីយកព័ត៌មានអំពីបាតុកម្ម។

គួរជម្រាបថា កុប្បកម្ម និងបាតុកម្មបានផ្ទុះរីករាលដាលជាច្រើនកន្លែង នៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ដើម្បីសម្ដែងការខឹងសម្បារក៏ដូចជាទាមទារយុត្តិធម៌ឲ្យលោក ចច ហ្វ្លយដ៍ (George Floyd) ដែល ត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ស្លាប់ ពេលកំពុងឃាត់ខ្លួន បើទោះជារូបគេបានសុំអង្វរ និងស្រែកប្រាប់ថា «មិនអាចដកដង្ហើមបាន» ក៏ដោយ៕