(ហ្សាការតា)៖ នៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ​អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសពីការរកឃើញ​អ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៤៩នាក់ទៀត និងអ្នកជំងឺបាត់បង់ជីវិត ២៥នាក់បន្ថែម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្រោយបូកបន្ថែមតួលេខថ្មីៗខាងកើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុប​នៅក្នុងប្រទេសអាស៊ានមួយនេះ​កើនឡើងដល់ ២១,៧៤៥ករណី ក្នុងនោះស្លាប់កើនដល់ ១,៣៥១នាក់ និងជាសះស្បើយវិញ ៥,២៤៩នាក់។ អាជ្ញាធរឥណ្ឌូណេស៊ី​បានអះអាងថា ពេលនេះជំងឺ COVID-19 បានឆ្លងចូលដល់ខេត្តទាំង ៣៤ របស់ប្រទេសនេះហើយ ខណៈរដ្ឋធានីហ្សាការតានៅតែរ៉ាប់រងករណីឆ្លង និងករណីស្លាប់ច្រើនជាងគេដដែល។

គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌូណេស៊ីពេលនេះ កំពុងតែបង្កើនការធ្វើតេស្ត នៅតំបន់ដែលមានផ្ទុះករណីឆ្លង COVID-19 ហើយការរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស​ក៏ត្រូវបានណែនាំកាន់តែខ្លាំងឡើងផងដែរ។ ឥណ្ឌូណេស៊ីជាប្រទេសមានករណីស្លាប់​ដោយសារតែ COVID-19 ច្រើនជាងគេបំផុត​ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ខណៈសិង្ហបុរីវិញ គឺជាប្រទេសមានករណីឆ្លងច្រើនបំផុត​រហូតដល់ជាង ៣១ពាន់ករណី ប៉ុន្តែអ្នកស្លាប់វិញមានតែ ២៣នាក់ប៉ុណ្ណោះ៕