(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពិភាក្សាអំពីការរៀបចំធ្វើតេស្តនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកមិនធ្លាប់បានធ្វើនោះឡើយ គិតចាប់តាំងពីឆ្នាំ១៩៩២ ហើយវាក៏នឹងក្លាយជាសារព្រមានមួយទៅកាន់ប្រទេសរុស្ស៊ី និងចិនផងដែរ។ នេះបើតាមការដងស្រង់ព័ត៌មានពី Washington Post នារសៀលថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០។

បើតាមការចេញផ្សាយអត្ថបទវិភាគ នៃកាសែតអាមេរិកខាងលើនេះ ការធ្វើតេស្តនុយក្លេអ៊ែរនឹងធ្វើឲ្យមានការចោទជាសំនួរ អំពីនយោបាយការពារជាតិរបស់អាមេរិកផ្ទាល់ ខណៈបណ្តាប្រទេសនុយក្លេអ៊ែរផ្សេងៗទៀត​អាចនឹងពិចារណាបង្កើនសមត្ថភាពនុយក្លេអែររបស់ពួកគេបន្ថែមទៀត។ នៅក្នុងអត្ថបទវិភាគរបស់ Washington Post បានព្រមានយ៉ាងដូច្នេះថា «ប្រសិនបើការធ្វើតេស្តនុយក្លេអ៊ែរប្រព្រឹត្តទៅមែន នោះវានឹងត្រូវបានគេមើលឃើញថា ប្រៀបបាននឹងការបាញ់កាំភ្លើងផ្តល់សញ្ញា ឲ្យការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ ចាប់ផ្តើមឡើងយ៉ាងដូច្នោះឯង»

បើតាមប្រភពដែលជិតស្និទ្ធនឹងបញ្ហាខាងលើនេះមានដូចជា មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ដូណាល់ ត្រាំ ម្នាក់ និងអតីតមន្ត្រីចំនួនពីរនាក់ផ្សេងទៀតដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា កិច្ចពិភាក្សាអំពីការធ្វើតេស្ត​អាវុធនុយក្លេអ៊ែរអាមេរិកត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ ព័ត៌មានអំពីការគ្រោងធ្វើតេស្តនេះ កើតមានឡើងបន្ទាប់ពីមន្ត្រីអាមេរិក​បានចោទប្រកាន់ចិន និងរុស្ស៊ីថា បានលួចធ្វើតេស្តអាវុធនុយក្លេអ៊ែរ ប៉ុន្តែទីក្រុងប៉េកាំង និងម៉ូស្គូបានចេញមុខទាត់ចោល ខណៈសហរដ្ឋអាមេរិកវិញក៏មិនបានបញ្ចេញភស្តុតាងអ្វីបន្ថែម​ដើម្បីដាក់បន្ទុកលើមហាអំណាចទាំងពីរនេះទៀតដែរ៕