(ប្រេស៊ីឡា)៖ ទីបំផុតប្រេស៊ីលបានឡើងមកឈរលំដាប់ថ្នាក់ទី ២ ហើយ ក្នុងនាមជាប្រទេសដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់ពីប្រជាជាតិធំជាងគេបំផុត​នៅអាមេរិកឡាទីនមួយនេះ​ទើបតែបានបញ្ជាក់ពីករណីឆ្លងថ្មីៗចំនួន ១,០០១ករណីបន្ថែម​កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលប្រេស៊ីលបានបានគូសបញ្ជាក់ថា ករណីឆ្លងសរុបនៃជំងឺ COVID-19 នៅទូទាំងប្រទេសរបស់ខ្លួនបានកើនដល់ ៣៣០,៨៩០ករណី ដោយក្នុងនោះអ្នកជំងឺ ២១,០៤៨នាក់បានស្លាប់បាត់បង់ជីវិត។ តាមរយៈតួលេខចុងក្រោយនេះ មានន័យថាប្រទេសប្រេស៊ីលបានវ៉ាដាច់ប្រទេសរុស្ស៊ី ទៅឈរលំដាប់ថ្នាក់ទី ២ នៅលើកំពូលតារាងនៃបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុតនៅលើពិភពលោក ពោលនៅក្រោយសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ។

គួរជម្រាបថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ​ប្រេស៊ីលបានវ៉ាប្រទេសអង់គ្លេសរួចម្តងទៅហើយ ដោយបានដណ្តើមយកចំណាត់ថ្នាក់ទី ៣ នៅលើកំពូលតារាងនៃបណ្តាប្រទេសដែលមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត។ ប៉ុន្តែទោះជាយ៉ាងណា ប្រទេសអាមេរិកឡាទីនមួយនេះ ទំនងជានឹងមិនអាចវ៉ាដាច់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះទេ ខណៈប្រទេសមហាអំណាចមួយនេះ មានចំនួនករណីអ្នកឆ្លងសរុបរហូតជាង ១.៦ លាននាក់ហើយ បើគិតត្រឹមថ្ងៃសៅរ៍ ទី ២៣ ខែឧសភានេះ៕