(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នាថ្ងៃសុក្រនេះ បានប្រកាសពីការផ្តល់ហិរញ្ញវត្ថុទំហំ១៣១.៦លានដុល្លារ ដើម្បីជាការជួយសង្រ្គោះភ្លាមៗដល់រដ្ឋ West Bengal នៅភាគខាងកើតប្រទេស ដែលបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងដំណំពី ព្យុះស៊ីក្លូនកំណាចឈ្មោះ Amphan។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។

ការប្រកាសខាងលើធ្វើឡើង បន្ទាប់ពីលោក ម៉ូឌី បានចុះទស្សនកិច្ចទៅដល់ទីក្រុង Kolkata ដើម្បីពិនិត្យស្ថានការណ៍ដោយផ្ទាល់ ។ រូបលោកព្រមទាំងថ្នាក់ដឹកនាំរដ្ឋ West Bengal បានជិះយន្តហោះអង្កេតពីលើអាកាស នៅតាមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត នៅក្នុងរដ្ឋនេះ។ បើតាមអាជ្ញាធរឥណ្ឌា មនុស្សយ៉ាងតិច៨០នាក់បានស្លាប់នៅរដ្ឋ West Bengal ដោយសារព្យុះ រួម ជាមួយការខូចខាតជាច្រើនផ្សេងទៀត ។

លោក ម៉ូឌី ក៏បានប្រកាសផ្តល់ថវិកាជំនួយដាច់ដោយឡែកចំនួន២,៦៣២ដុល្លារ សម្រាប់គ្រួសារនីមួយៗ ដែលបាត់បង់សមាជិក ក្នុងគ្រោះធម្មជាតិនេះដែរ ខណៈអ្នកដែលរងរបួសវិញទទួលបាន៦៥៨ដុល្លារ។

គួរជម្រាបថា បន្ទាប់ពីរដ្ឋ West Bengal លោក ម៉ូឌី នឹងបន្តទស្សនកិច្ចទៅកាន់រដ្ឋ Odisha។ ព្យុះស៊ីក្លូន Amphan បានបោកបក់ មកដល់រដ្ឋ Odisha និងរដ្ឋ West Bengal របស់ឥណ្ឌា កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយរដ្ឋ Odisha ក៏បានរងការវាយប្រហារគួរ សមផងដែរ។ ព្យុះ Amphan បានធ្វើដំណើរផុតប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឆ្លងចូលទៅដល់បង់ក្លាដែស ប៉ុន្តែ វាបានថយចុះឥទ្ធិពល៕