(ប៉េកាំង)៖ ទីក្រុងប៉េកាំងនឹងលើកទឹកចិត្តឱ្យប្រជាជននៅកោះតៃវ៉ាន់ ចូលរួមជាមួយនឹងខ្លួន ប្រឆាំងជំទាស់នឹងការឯករាជ្យភាពនៃដែនកោះមួយនេះ ព្រមទាំងលើកកម្ពស់ការបង្រួបបង្រួមជាតិរបស់ចិន។ នេះបើតាមលោកនាយករដ្ឋមន្ត្រី លី ខឺជាំង (Li Keqiang) ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រីចិន Li Keqiang ធ្វើការកត់សម្គាល់បែបនេះ នាឱកាសនៃការចាប់ផ្ដើមបើកកិច្ចប្រជុំប្រចាំឆ្នាំ នៃសភាជាតិប្រជាជនចិននៅថ្ងៃសុក្រនេះ។ នាឱកាសនោះ លោក Li បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងលើកទឹកចិត្តឱ្យប្រជាជនតៃវ៉ាន់ ចូលរួមជាមួយនឹងពួកយើង ប្រឆាំងនឹងឯកភាពរបស់កោះតៃវ៉ាន់ ហើយនឹងលើកម្ពស់ផងដែរ នូវការបង្រួបបង្រួមជាតិចិន ហើយជាមួយការប្ដេជ្ញាចិត្តនេះ យើងច្បាស់់ជាអាចនឹងកសាងអនាគតថ្មីមួយ សម្រាប់ប្រជាជាតិចិនទាំងមូល»

លោកនាយករដ្ឋមន្ត្រីចិនបានបន្ថែមថា ចិននឹងកែសម្រួលគោលនយោបាយ និងវិធានការជំរុញលើកទឹកចិត្តការផ្លាស់ប្ដូរទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការនៅទូទាំង តំបន់ច្រកតៃវ៉ាន់ជាពិសេស គឺការពារឱ្យបាននូវសុខមានភាពប្រជាជនតៃវ៉ាន់តែម្ដង។

ងាកទៅមើលតៃវ៉ាន់វិញ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ដែលទើបតែស្បថឡើងកាន់តំណែងជាប្រធានាធិបតីកោះតៃវ៉ាន់ សម្រាប់អាណត្តិទី ២ របស់លោកស្រី កាលពីថ្ងៃពុធកន្លងទៅនេះបានច្រានចោលគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» ជាមួយការអះអាងថា តៃវ៉ាន់គឺជាប្រទេសឯករាជ្យមួយបាត់ទៅហើយ ដោយមានឈ្មោះផ្លូវការថា «សាធារណរដ្ឋចិន»។

គួរបញ្ជាក់ថា ចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ស្របទៅនឹងគោលការណ៍អន្តរជាតិ តាមរយៈការអនុវត្តគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» ហើយបានព្រមានជារឿយៗថា នឹងប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមជាតិ នៅក្នុងករណីចំាបាច់ ឬក៏នៅពេលកោះតៃវ៉ាន់ ហ៊ានប្រកាសឯករាជ្យជាផ្លូវការនោះ៕