(សិង្ហបុរី)៖ គិតត្រឹមល្ងាចថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០នេះ ករណីឆ្លង COVID-19 នៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់ ៣០,៤២៦ករណីហើយ បន្ទាប់ពីបានរកឃើញអ្នកឆ្លងថ្មីៗចំនួន ៦១៤នាក់បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី ភាគច្រើននៃករណីឆ្លងថ្មីៗទាំងនោះ នៅតែជាក្រុមពលករដែលរស់នៅតាម​អគារស្នាក់នៅសម្រាប់ពលបរទេស ក្នុងប្រទេសសិង្ហបុរីដដែល ខណៈមានតែ​០៤ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍។

គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងសរុបទាំង ៣០,៤២៦ករណីខាងលើនេះ មានអ្នកជំងឺ COVID-19 សរុប ២៣នាក់បានស្លាប់បាត់បង់ជិវិត និង ១២,១១៧នាក់ផ្សេងទៀត​បានជាសះស្បើយឡើងវិញ៕