(ប៉េកាំង)៖ តាមរយៈរបាយការណ៍ ដែលបានចេញផ្សាយនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ របស់សភាប្រជាជនចិន នៅថ្ងៃសុក្រ ទី២២ ឧសភានេះបានឲ្យដឹងថា ខ្ទង់ចំណាយលើវិស័យការពារជាតិរបស់ចិននៅឆ្នាំនេះ នឹងកើនឡើង ៦.៦%។ តែទោះជាយ៉ាងណា អត្រាកំណើននៃការចំណាយនេះ នៅតែទាបជាងអត្រាកំណើន កាលពីឆ្នាំ២០១៩ ដែលមានរហូតដល់ ៧.៥%។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

តួលេខបង្កើនការចំណាយខាងលើមានចំនួន ១.២៦៨ ទ្រីលានយ័ន ឬប្រហែលស្មើរនឹង ១៧៨.១៦ ពាន់លានដុល្លារ ត្រូវបានសហគមន៍អន្តរជាតិឃ្លាំមើលយ៉ាងដិត ដល់ដើម្បីវាស់វែងថា តើប្រទេសនេះមានឥទ្ធិពលខ្លាំងប៉ុណ្ណា ក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ កាលពីឆ្នាំ២០១៩ សភាប្រជាជនចិនបានសម្រេចបង្កើនថវិកា សម្រាប់វិស័យការពារជាតិ ៧.៥%។

គួរបញ្ជាក់ថា ទោះបីជាមានការផ្ទុះឡើងជំងឺរាតត្បាតសកល COVID-19 នៅពាលពេញពិភពលោកក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធរបស់ចិន និងសហរដ្ឋអាមេរិក នៅតែមានសកម្មភាពយ៉ាងសកម្មដដែល នៅក្នុងដែនសមុទ្រចិនខាងត្បូង។ ប្រទេសចិនតែងតែអះអាងថា ការបង្កើនការចំណាយរបស់ខ្លួនទៅលើវិស័យយោធាគឺ សម្រាប់គោលបំណងការពារខ្លួនប៉ុណ្ណោះ ហើយបើប្រៀបធៀបនឹងផលិតផលក្នុងស្រុកសរុប ដែលហៅថា GDP គឺមានចំនួនទាបនៅឡើយ៕