(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសដកសហរដ្ឋអាមេរិកពីសន្ធិសញ្ញាមួយ ផ្សេងទៀតជាមួយរុស្ស៉ី ព្រមទាំងប្រទេសជាង៣០ទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០

លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកកាសែតនៅក្រៅសេតវិមានដូច្នេះថា «រុស្ស៉ីមិនបានគោរពសន្ធិសញ្ញា Open Skies ឡើយ ហេតុនេះ ពួកយើងនឹងដកខ្លួនចេញពី លុះត្រាតែពួកគេងាកមកគោរពឲ្យត្រឹមត្រូវវិញ»។ ការដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញានេះជាផ្លូវការ នឹង ត្រូវចំណាយពេល០៦ខែ។

ក្រោយពីលោក ត្រាំ បានប្រកាសបែបនេះ ប្រទេសជាហត្ថលេខីដទៃទៀត បានសម្តែងការសោកស្តាយ និងស្នើឲ្យទីក្រុងវ៉ាស៊ីនតោនធ្វើការ ពិចារណាឡើងវិញ។ ចំណែកខាងរុស្ស៉ី បាននិយាយថា ខ្លួនកំពុងតែរងការបញ្ជាក់ជាផ្លូវការពីខាងអាមេរិក ជុំវិញការដកខ្លួនចេញនេះ ព្រោះ ការប្រកាសរបស់លោក ត្រាំ តែឯង មិនគ្រប់គ្រាន់នោះទេ។ រីឯក្រសួងការពារជាតិអាមេរិក បានប្រាប់ថា នឹងដាក់សំណើដកខ្លួនជាផ្លូវការក្នុងពេលឆាប់ៗ។

គួរជម្រាបថា សន្ធិសញ្ញា Open Skies ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០២។ វាអនុញ្ញាតឲ្យយោធាប្រទេសមួយ បញ្ជូនយន្តហោះអង្កេត ការណ៍ទៅធ្វើប្រតិបត្តិការលើផ្ទៃអាកាសប្រទេសមួយទៀតជារៀងរាល់ឆ្នាំ ដោយអាចអង្កេតមើលដែនដីនៅខាងក្រោម ប្រមូលទិន្នន័យ ផ្តិតយករូបភាពផ្សេងៗនៃមូលដ្ឋាន និងសកម្មភាពយោធារបស់ប្រទេសមួយនោះ។ គោលគំនិតនៃសន្ធិសញ្ញានេះ គឺថាប្រទេសដែលជាគូប្រជែងអាចដឹងពីកម្លាំងយោធាគ្នាច្រើនប៉ុនណា នោះ ឱកាសនៃការផ្ទុះជម្លោះឡើងក៏កាន់តែទាបដែរ៕