(គូឡាឡាំពួរ)៖ ទេសរដ្ឋមន្រ្តីម៉ាឡេស៊ី លោក Ismail Sabri Yaakob ទើបតែបានឲ្យដឹងថា អ្នកដំណើរទាំងអស់ដែលធ្វើដំណើរចូល មកកាន់ប្រទេសម៉ាឡេស៊ី នឹងតម្រូវឲ្យចេញថ្លៃសម្រាប់ការធ្វើចត្តាឡីស័ក (ដាក់ខ្លួននៅដាច់ដោយឡែកពីគេ) នៅតាមសណ្ឋាគារ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ តទៅ ដែលវាជាផ្នែកនៃវិធានការរបស់រដ្ឋាភិបាលម៉ាឡេស៊ី សំដៅទប់ស្កាត់ការឆ្លងរាលដាល COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

សម្រាប់ជនបរទេស និងអ្នកមានទីលំនៅអចិន្រ្តៃយ៍ នឹងត្រូវបង់ថ្លៃធ្វើចត្តាឡីស័កពេញតែម្តងគឺ៣៤.៥០ដុល្លារក្នុងមួយថ្ងៃ ខណៈ ពលរដ្ឋម៉ាឡេស៊ីដែលត្រឡប់ចូលប្រទេសវិញ នឹងត្រូវបង់ត្រឹមពាក់កណ្តាលនៃចំនួននេះប៉ុណ្ណោះ។ អាជ្ញាធរម៉ាឡេស៊ីបានតម្រូវ ឲ្យ អ្នកទាំងឡាយ ដែលមានបំណងធ្វើដំណើរមកម៉ាឡេស៊ី ត្រូវចុះកិច្ចព្រមព្រៀងជាមុន ស្តីពីការចំណាយថវិកានេះ នៅតាមស្ថានទូត ម៉ាឡេស៊ីប្រចាំប្រទេសពួកគេ។

បន្ទាប់មក ស្ថានទូតនឹងចេញលិខិតទទួលស្គាល់ឲ្យពួកគេ ហើយរាល់អាកាសចរណ៍ ដែលមានជើងហោះហើរចូលមកម៉ាឡេស៊ី នឹងត្រូវបង្គាប់ឲ្យធានាថា អ្នកដំណើរទាំងអស់សុទ្ធតែមានលិខិតនេះ។ ដោយឡែក លោកទេសរដ្ឋមន្រ្តីម៉ាឡេស៊ី បានបញ្ជាក់ថា ពលរដ្ឋម៉ាឡេស៊ីដែលមានពិការភាព នឹងត្រូវលើកលែងពីគោលការណ៍បង់ប្រាក់ខាងលើ។

គួរជម្រាបថា គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍នេះ ម៉ាឡេស៊ីបានរកឃើញអ្នកដែលបានឆ្លងជំងឺ COVID-19 សរុបជាង៧ពាន់នាក់ ក្នុងនោះស្លាប់ ១១៤នាក់ និងជាសះស្បើយឡើងវិញជិត៥,៦០០នាក់ ខណៈអត្រាអ្នកឆ្លងប្រចាំថ្ងៃបានថយចុះជាងមុនច្រើន ដោយសារតែវិធានការរឹតបន្តឹង៕