(ប៉េកាំង)៖ ក្នុងរបាយការណ៍នាថ្ងៃចន្ទនេះ របស់អាជ្ញាធរសុខាភិបាលចិន បានបង្ហាញថា ចំនួនអ្នកជំងឺ COVID-19 ដែលកំពុងបន្តទទួលការ​ព្យាបាលនៅតាមមន្ទីរពេទ្យក្នុងប្រទេសចិន គឺបានថយមកនៅត្រឹម៨២នាក់ប៉ុណ្ណោះ។​ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០។

យោងតាមរបាយការណ៍ដដែល អ្នកជំងឺ COVID-19 ១១នាក់ទៀត ទើបតែបានចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ធ្វើឲ្យ​ចំនួនអ្នកជំងឺសរុបដែលបានត្រឡប់ទៅផ្ទះវិញកើនដល់៧៨,២៣៨នាក់។ សម្រាប់ចំនួនអ្នកឆ្លងថ្មី ដែលត្រូវបានរាយការណ៍នៅថ្ងៃចន្ទនេះ គឺមាន៧នាក់ ក្នុងនោះ៤នាក់ជាករណីនាំចូល ធ្វើឲ្យចំនួនអ្នកដែលបានឆ្លងជំងឺ COVID-19 សរុបនៅចិន កើនដល់៨២,៩៥៤នាក់។

គួរជម្រាបថា សម្រាប់ចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតវិញ​ គឺនៅត្រឹម៤,៦៣៤នាក់ដដែល ដោយគ្មានអ្នកស្លាប់ថ្មីឡើយ។ តួលេខទាំងនេះគឺមិនរាប់បញ្ចូលករណីនៅក្នុងទីក្រុងហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់នោះទេ៕