(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡាលោក Vladimir Padrino Lopez បានប្រកាសនៅថ្ងៃសុក្រ (ម៉ោងនៅរដ្ឋធានីការ៉ាកាស់) ថា កងកម្លាំងយោធាវេណេស៊ុយអេឡាបានចាប់ខ្លួនមនុស្ស០២នាក់បន្ថែមទៀត ដែលមានពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកនីកូឡា ម៉ាឌូរ៉ូ កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។

តាមរយៈគណនី Twitter ផ្លូវការរបស់ខ្លួន ប្រមុខការពារជាតិរូបនេះបានបង្ហោះសារ ដោយមានអមមកជាមួយនឹងរូបថតទាហានស៊ីឈ្នួលពីរនាក់ ដែលត្រូវបានចាប់ខ្លួន យ៉ាងដូច្នេះថា «យើងកំពុងស្វែងរកពួកឯង ហើយពួកមិនអាចលាក់ខ្លួនបានទេ! យើងចាប់បានទាហានស៊ីឈ្នួលពីរនាក់ទៀត នៅក្នុងតំបន់ជួរភ្នំនៅភាគខាងត្បូងនៃរដ្ឋ Puerto Cruz ហើយយើងនឹងបន្តស្វែងរកបន្ថែមទៀត»

គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែឧសភាកន្លងទៅនេះ កងកម្លាំងយោធាវេណេស៊ុយអេឡា បានទប់ស្កាត់ ការឈ្លានពានពីសំណាក់ក្រុមអាវុធស៊ីឈ្នួលមួយក្រុម ដែលបានប៉ុនប៉ងចូលមកកាន់ តំបន់ឆ្នេរភាគកណ្តាលរបស់វេណេស៊ុយអេឡា តែមិនបានសម្រេច។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរវេណេស៊ុយអេឡាបានចាប់ខ្លួនមនុស្សចំនួន១៣នាក់ ដោយក្នុងនោះមានពីរនាក់ជាជនជាតិអាមេរិក។ ពលរដ្ឋអាមេរិកទាំងពីរនាក់នេះ បាននិយាយសារភាពតាមកញ្ចក់ទូរទស្សន៍ជាតិវេណេស៊ុយអេឡាថា ខ្លួនបានធ្វើការឲ្យក្រុមហ៊ុនសន្តិសុខអាមេរិកមួយ ដែលមានឈ្មោះថា Silvercorp ហើយមានគោលបំណងព្យាយាមចាប់ជំរិតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។

បន្ទាប់ពីមានការសារភាពបែបនេះ លោក Jordan Goudreau ដែលជាស្ថាបនិកក្រុមហ៊ុន Silvercorp និងជាអតីតកងកម្លាំងពិសេសអាមេរិក បានទទួលស្គាល់ថា ក្រុមហ៊ុនរបស់ខ្លួនពិតជាមានជាប់ពាក់ព័ន្ធរឿងនេះ ហើយថែមទាំងបានអះអាងថា ក្រុមហ៊ុនរបស់លោកបានចុះកិច្ចព្រមព្រៀងមួយជាមួយមេដឹកនាំបក្សប្រឆាំងនៅវេណេស៊ុយអេឡា គឺលោក Juan Guaido ។

ទោះជាយ៉ាងណា អ្នកតំណាងរបស់លោក Juan Guaido បានបដិសេធភ្លាមៗចំពោះទំនាក់ទំនងណាមួយរវាងលោក Guaido និងប្រតិបត្តិការខាងលើ។ រីឯរដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានប្រកែកថាមិនមានជាប់ពាក់ព័ន្ធ ក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡា នេះដែរ ដោយបានលើកឡើងថា បើទោះបីជាក្នុងចំណោមមនុស្សដែលត្រូវបានអាជ្ញាធរវេណេស៊ុយអេឡាចាប់ខ្លួន មានពលរដ្ឋអាមេរិកក៏ដោយ ក៏មិនអាចបញ្ជាក់ថា ប្រតិបត្តិការនោះត្រូវបានធ្វើឡើងដោយមានការជាប់ទាក់ទងពីសំណាក់រដ្ឋាភិបាលអាមេរិកដែរ៕