(យូអិន)៖ ប្រភពពីអង្គការសហប្រជាជាតិ (UN) នាថ្ងៃសុក្របានឲ្យដឹងថា សហរដ្ឋអាមេរិកបានរារាំងការបោះឆ្នោតលើសេចក្តីសម្រេចមួយ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ដែលផ្តោតទៅលើការប្រយុទ្ធប្រឆាំង ជាលក្ខណៈសកលចំពោះ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។

សេចក្តីសម្រេចខាងលើ ដែលបានស្ថិតក្រោមការចរចា តាំងតែពីខែមីនាមកម្ល៉េះនោះ មានគោលដៅស្នើឲ្យមានការផ្អាកជម្លោះប្រដាប់អាវុធ និងសកម្មភាពបង្កហេតុនានា នៅជុំវិញពិភពលោក ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះ ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ តែទៅលើការទប់ទល់ជាមួយជំងឺ COVID-19។ បើតាមការបង្ហើបឲ្យដឹងពីប្រភពការទូត នៅអង្គការសហប្រជាជាតិផ្ទាល់ អាមេរិកបានសម្រេចរាំងខ្ទប់នីតិវិធីមួយ។ ប៉ុន្តែបើមិនមានការរារាំងទេនោះ គ្រប់គ្នាអាចបន្តឈានទៅរកការបោះឆ្នោត អនុម័តលើសេចក្តីសម្រេចមួយនោះ។

គួរជម្រាបថា នៅចំពោះមុខការរាតត្បាតយ៉ាងអាក្រក់នៃជំងឺឆ្លង COVID-19 អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បាននិងកំពុងតែប្រឹងប្រែង អស់រយៈពេលជាងមួយខែហើយ ដើម្បីជំរុញឲ្យមានការផ្អាកជម្លោះប្រដាប់អាវុធ នៅជុំវិញសកលលោក ដោយលោកបានទទូចឲ្យភាគីទាំងអស់ ទម្លាក់អាវុធចុះសិន ហើយអនុញ្ញាតឲ្យប្រទេសដែលរងគ្រោះដោយសង្រ្គាម ផ្តោតទៅប្រយុទ្ធប្រឆាំង COVID-19 ប៉ុន្តែតំបន់មួយចំនួនដូចជានៅលីប៊ី និងមជ្ឈិមបូព៌ាជាដើម ដូចជាមិនទាន់អាចផ្អាកជម្លោះឡើយ៕