(ប៉េកាំង)៖ តាមរយៈសិក្ខាសាលាតាមអនឡាញមួយ កាលពីសុក្រម្សិលមិញនេះ ក្រុមអ្នកជំនាញសុខភាពជាន់ខ្ពស់ចិន និងអាមេរិកបានព្រមព្រៀងគ្នាថា នឹងធ្វើការជាមួយគ្នា ព្រមទាំងអនុវត្តតាមគោលការណ៍វិទ្យាសាស្រ្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។

សិក្ខាសាលាខាងលើនេះត្រូវបានរៀបចំឡើងដោយ ក្រុមសម្ព័ន្ធភាពសកលមិនស្វែងរកប្រាក់ចំណេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហៅកាត់ថា GACC។ លោកស្រី ហ្វ្លរែន ហ្វាង (Florence Fang) ដែលជាសហស្ថាបនិក នៃសម្ព័ន្ធនេះបានមានប្រសាសន៍ថា «គោលបំណងមួយក្នុងគោលបំណងសំខាន់ៗ នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការយោគយល់គ្នារវាងចិន និងអាមេរិក។ យើងគួរតែរួមកម្លាំងគ្នា ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងការគំរាមកំហែងរួម។ យើងមិនអាចប្រយុទ្ធនឹងជំងឺនេះ ដាច់ដោយឡែកពីគ្នាបានទេ»

លោកស្រី Fang បានបន្ថែមថា «ពួកគេបានផ្លាស់ប្តូរយោបល់គ្នា និងបានឈានដល់ការសន្និដ្ឋានវិជ្ជមានបំផុត នៅចុងបញ្ចប់នៃសិក្ខាសាលា...»។ លោកស្រី Fang បានសង្កត់ធ្ងន់ថា «ប្រសិនបើយើងចង់ឈ្នះសង្គ្រាម ប្រឆាំងនឹងជំងឺឆ្លងនេះ យើងត្រូវតែធ្វើការរួមគ្នាជាសកល។ យើងមិនត្រូវឲ្យព័ត៌មានក្លែងក្លាយមកបំភ័ន្តបន្លំយើងឡើយ។ យើងត្រូវតែស្តាប់ព័ត៌មានវិទ្យាសាស្រ្ត ណហើយទុកឲ្យវិទ្យាសាស្ត្រប្រាប់យើងពីអ្វី ដែលត្រូវធ្វើ។ នេះគឺជាការមូលមតិគ្នា ដែលយើងបានឈានដល់ នៅក្នុងកម្មវិធីសិក្ខាសាលា»

យោងតាមលោកស្រី Fang សិក្ខាសាលានេះ ទទួលបានការឆ្លើយតបែបវិជ្ជមានយ៉ាងច្រើន ពីមន្រ្តីសហរដ្ឋអាមេរិកមួយចំនួន។ តាមរយៈកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាននិយាយទូរស័ព្ទជាមួយអភិបាលរងរដ្ឋកាលីហ្វ័រញ៉ា លោកស្រី អេឡេនី ឃួណាឡាឃីស (Eleni Kounalakis) ហើយលោកស្រីបានបង្ហាញការគាំទ្រ និងអរគុណចំពោះសកម្មភាពនេះ»

គួរជម្រាបថា វាគ្មិនសំខាន់ៗរបស់ចិននៅក្នុងសិក្ខាសាលានេះ រួមមានដូចជាលោក ចុង ណានសាន (Zhong Nanshan) អ្នកឯកទេសផ្នែកជំងឺដង្ហើម និងជាអ្នកសិក្សាស្រាវជ្រាវ នៅបណ្ឌិតសភាវិស្វកម្មចិន។ លោក កៅ ជា (Qiao Jie) ប្រធានមន្ទីរពេទ្យសាកលវិទ្យាល័យ ផេគីង (Peking University Third Hospital) និងជាអ្នកសិក្សាស្រាវជ្រាវនៅបណ្ឌិតសភាវិស្វកម្មចិនម្នាក់ផងដែរ និងលោក ចាង វិនហុង (Zhang Wenhong) ប្រធានក្រុមអ្នកជំនាញគ្លីនិកជំងឺ COVID-19 នៅសៀងហៃ។

ចំណែកឯភាគីអាមេរិកវិញ គេឃើញមានដូចជាលោក បារី ប្លូម (Barry Bloom) អតីតព្រឹទ្ធបុរសសាលាសុខភាពសាធារណៈ នៃសកលវិទ្យាល័យហាវើដ (Harvard), លោក ស្ទេន វ៉ឺម៉ាន់ដ៍ (Sten Vermund) ជាព្រឹទ្ធបុរស នៃសកលវិទ្យាសុខភាពសាធារណៈ និងលោក ប្រាយអ៊ែន បូស្វឺស (Brian Bosworth) ប្រធានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យញូយ៉ក៕