(រីយ៉ូ)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) ប្រទេសប្រេស៊ីលបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃរហូតដល់ទៅ ១០,២២២នាក់ និងអ្នកស្លាប់ ៧៥១នាក់ ដែលជាអត្រាស្លាប់ប្រចាំថ្ងៃ ច្រើនបំផុតមិនធ្លាប់មាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។

ការរកឃើញអ្នកស្លាប់ ៧៥១នាក់ក្នុងពេលតែមួយថ្ងៃនេះ គឺជាការបំបែកនូវកំណត់ត្រាចាស់ កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលមានមនុស្សស្លាប់ ៦១៥នាក់ក្នុងមួយថ្ងៃដូចគ្នា។ បច្ចុប្បន្នប្រទេសប្រេស៊ីល មានករណីឆ្លងជំងឺ COVID-19 សរុប ១៤៦,៨៩៤ករណី ក្នុងនោះស្លាប់ ១០,០១៧នាក់ និងជាសះស្បើយឡើងវិញ ៥៩,២៩៧នាក់។

គួរបញ្ជាក់ថា តំបន់ដែលទទួលរងគ្រោះខ្លាំងជាងគេ គឺរដ្ឋសៅប៉ូឡូ (Sao Paulo) ដែលមានប្រជាជានរស់នៅជិត ៤៦លាននាក់ (ប្រហាក់ប្រហែលអេស្ប៉ាញ) ដោយរ៉ាប់រងអ្នកឆ្លង COVID-19 ជាង ៤១,០០០ករណី ក្នុងនោះស្លាប់ ៣,៤១៦នាក់។ ប្រេស៊ីលនៅតែបន្តបិទសាលារៀន និងពាណិជ្ជកម្មមិនសូវសំខាន់ ក៏ដូចជារក្សាបទបញ្ជាឲ្យស្នាក់នៅផ្ទះដើម្បីសុវត្ថិភាព រហូតដល់ដំណាច់ខែឧសភានេះ៕