(វ៉ាស៊ីនតោន)៖ ខណៈចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិកកើនលើស ១.២៥លាននាក់ ក្នុងនោះស្លាប់ច្រើនជាង ៧៥,០០០នាក់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តជំរុញឱ្យមានការបើកសកម្មភាពសេដ្ឋកិច្ច ឡើងវិញទូទាំងប្រទេស បើទោះជាមានការព្រមានពីក្រុមអ្នកជំនាញថាការសម្រេចចិត្តបែបនេះ នឹងបង្កឱ្យមនុស្សស្លាប់កាន់តែច្រើនក៏ដោយ។ នេះបើតាម AP ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារព័ត៌មាន AP សេចក្ដីណែនាំលម្អិត បង្កើតឡើងដោយមជ្ឈមណ្ឌលអាមេរិកសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ដែលភ្ជាប់ជាមួយការប្រឹក្សាយោបល់ជាជំហានៗពីរបៀប និងពេលវេលា នៃការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញកំឡុងការឆ្លងរាតត្បាត COVID-19 ត្រូវបានបដិសេធដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។

ឯកសារសេចក្ដីណែនាំលម្អិតកម្រាស់ ១៧ទំព័រខាងលើនេះមានចំណងជើងថា «Guidance for Implementing the Opening Up America Again Framework» ដំបូងឡើយត្រូវបានគេគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែមន្ត្រី CDC ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានអះអាងថា វាទំនងជានឹងមិនត្រូវបានចេញផ្សាយឡើយ។

គួរជម្រាបថា លោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញនៅក្នុងសារមួយបង្ហោះលើ Twitter កាលពីរសៀល ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាជនចង់ឱ្យប្រទេសរបស់យើង បើកទ្វារឡើងវិញ ហើយយើងចង់ធ្វើរឿងនេះជាមួយ មធ្យោបាយប្រកបដោយសុវត្ថិភាព... ដ្បិតអ្នកទាំងអស់គ្នាក៏ដឹងដែរ ពីវិធានការគម្លាតសុវត្ថិភាព លាងដៃ និងអនាម័យដែលគួរតែអនុវត្ត»

តែទោះជាបែបនេះក្ដី បើតាមក្រុមអ្នកជំនាញអាមេរិក ការបើកសកម្មភាពសេដ្ឋកិច្ចមួយផ្នែក អាចនឹងបណ្ដាលឱ្យអ្នកស្លាប់ដោយសារ COVID-19 នឹងកើនឡើងថែម ៤៥,០០០នាក់ទៀតនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ហើយការបើកសម្មភាពសេដ្ឋកិច្ចឡើងវិញទាំងស្រុង នឹងបណ្ដាលឱ្យមនុស្ស ២៣៣,០០០នាក់ស្លាប់បន្ថែមទៀតពីលើតួលេខអ្នកស្លាប់បច្ចុប្បន្ននេះ៕