(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ដែលត្រូវបានរកឃើញចំនួន ១២នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ នាំឲ្យចំនួនករណីឆ្លងសរុបក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ កើនឡើងដល់ ១០,៨២២ករណី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងចំណោមករណីឆ្លងទាំង ១២នាក់ដែលត្រូវបានរកឃើញខាងលើនេះ គឺមាន ១១នាក់ជាប្រភេទករណីនាំចូល និងម្នាក់ប៉ុណ្ណោះ ដែលជាករណីឆ្លងក្នុងស្រុកផ្ទាល់។ ដោយឡែកសម្រាប់ករណីស្លាប់វិញ គឺមិនមាននោះឡើយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នាំឲ្យតួលេខអ្នកស្លាប់ដោយសារ COVID-19 បន្តស្ថិតនៅ ២៥៦នាក់ដដែល។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកជាសះស្បើយចំនួន ៦៥នាក់ទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដែលប្រការនេះបាននាំឲ្យចំនួនអ្នកជាសះស្បើយសរុបពីជំងឺ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ ៩,៤៨៤នាក់ ឬស្មើនឹង ៨៧.៦% នៃករណីឆ្លងសរុប៕