(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអំពាវនាវឲ្យប្រទេសនានានៅជុំវិញពិភពលោកបោះ បង់ចោលនូវការខ្វែងគំនិតគ្នា ហើយជំនួសមកវិញនូវការរួបរួមសាមគ្គី ព្រមទាំងលុបបំបាត់នូវការរើសអើសទាំងឡាយ ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការជាធ្លុងមួយ ប្រឆាំងនឹងជំងឺរាតត្បាតជាសកល COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។

បើតាមការលើកឡើងរបស់លោកប្រធានាធិបតីចិន ជំងឺឆ្លងរាតត្បាត COVID-19 បានសបញ្ជាក់ឲ្យឃើញជាថ្មីម្តងទៀតថា មានតែការកសាងសហគមន៍មួយ ដែលគិតគូរពីអនាគតរួមរបស់មនុស្សលោកប៉ុណ្ណោះ គឺជាផ្លូវត្រឹមត្រូវដើម្បីដើរឆ្ពោះទៅមុខ ហើយសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺជាអាវុធដ៏មានអានុភាពបំផុត ក្នុងសមរភូមិមួយនេះ ដែលកំពុងបង្កហានិភ័យដល់សុខុមាលរបស់មនុស្សគ្រប់រូប រួមជាមួយនិងការអភិវឌ្ឍ ក៏ដូចជាវិបុលភាពរបស់សកលលោកទាំងមូល។

ដូច្នេះហើយលោកប្រធានាធិបតីចិន សូមអំពាវនាវឲ្យប្រទេសនានានៅទូទាំងពិភពលោក ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត ដើម្បីជម្នះពេលវេលាដ៏លំបាកនេះ។ លោក ស៊ី ជិនពីង បានលើកឡើងដូចខាងលើ ក្នុងឱកាសកិច្ចជួបសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអូសបេគីស្ថាន លោក ហ្សេវខាត់ មែរហ្ស៊ីយ៉ូយ៉េវ (Shavkat Mirziyoyev)។

គួរជម្រាបថា មកទល់បច្ចុប្បន្នជំងឺ COVID-19 បានឆ្លងដល់មនុស្សសរុបជាង ៣.៩លាននាក់នៅជុំវិញពិភពលោក ក្នុងនោះស្លាប់ជាង ២៧ម៉ឺននាក់ រីឯជាង ១.៣៤លាននាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ៕