(ការ៉ាកាស់)៖ យោងតាមឯកសារដែលបានចុះផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបង្ហាញឲ្យដឹងថា សមាជិកសភាមកពីបក្សប្រឆាំងនៃប្រទេសវេណេស៊ុយអេឡា កាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះបានចរចាលើកិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុនសន្តិសុខតូចមួយនៅរដ្ឋផ្លូរីដា ក្នុងតម្លៃ ២១៣លានដុល្លារ ដើម្បីលុកលុយប្រទេស និងទម្លាក់លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ចេញពីមុខតំណែង។ នេះបើតាមការដកស្រង់ការផ្សាយ នាព្រឹកថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។

ឯកសារដែលមានកម្រាស់ ៤២ ទំព័របានរៀបរាប់យ៉ាងលម្អិតអំពីយុទ្ធសាស្ត្រ ផ្តួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡា ដោយបានរៀបរាប់ចាប់តាំងពី ការដាក់ពង្រាយគ្រាប់មីន និងការត្រៀមឧបករណ៍នានាសម្រាប់ការធ្វើកុបកម្មឡើងទៅ ប៉ុន្តែមិនមានការពន្យល់អំពីរបៀប ដែលកងកុម៉្មង់ដូមួយក្រុមតូចនេះ អាចយកឈ្នះលើកងកម្លាំងសន្តិសុខ របស់វេណេស៊ុយអេឡារាប់សែននាក់ ដែលនៅតែស្មោះត្រង់ នឹងគណបក្សកាន់អំណាចដោយវិធីណានោះទេ។

ក្នុងឯកសារ ដែលបានចុះផ្សាយដោយកាសែត Washington Post នេះទៀតសោត ក៏មានភ្ជាប់មកជាមួយនឹងកិច្ចព្រមព្រៀង ដែលមានការចុះហត្ថលេខាដោយទីប្រឹក្សាជាន់ខ្ពស់របស់ លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ដែលជាមេបក្សប្រឆាំងធំបំផុតនៅវេណេស៊ុយឡា គាំទ្រដោយអាមេរិកផងដែរ។ ក្នុងព្រមព្រៀងនោះបានសរសេរយ៉ាងដូច្នេះថា «ក្រុមអ្នកផ្តល់សេវាកម្ម នឹងផ្តល់ប្រឹក្សាយោបល់ ព្រមទាំងជំនួយដល់ក្រុមដៃគូ ក្នុងការធ្វើផែនការ និងប្រតិបត្តិការចាប់ខ្លួនលោក នីកូឡា ម៉ាឌូរ៉ូ និងលុបបំបាត់របបបច្ចុប្បន្នចេញ ហើយដាក់លោក Juan Guaido ឡើងមកកាន់អំណាចវិញ»។

ឯកសារមួយនេះវាបានបង្កការប៉ះពាល់ជាខ្លាំង ដល់ភាពជឿជាក់លើមេដឹកនាំបក្សប្រឆាំងលោក Juan Guaido ដែលកន្លងមកតែងតែបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការមានជាប់ពាក់ព័ន្ធណាមួយជាមួយក្រុមស៊ីឈ្នួលទាំងនោះ ឬជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំ លោកប្រធានាធិបតី ម៉ាឌូរ៉ូ ចេញពីមុខតំណែងដោយប្រើប្រាស់កម្លាំងបាយ។

គួរជម្រាបថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ អាជ្ញាធរវេណេស៊ុយអេឡា បានរាយការណ៍ថា កងកម្លាំងយោធាវេណេស៊ុយអេឡាបានទប់ស្កាត់ ការឈ្លានពានពីសំណាក់កងប្រដាប់អាវុធស៊ីឈ្នួលមួយក្រុម ដែបានប៉ុនប៉ងចូលមកកាន់ តំបន់ឆ្នេរភាគកណ្តាលរបស់វេណេស៊ុយអេឡា តែមិនបានសម្រេច។ ២ថ្ងៃក្រោយមកទៀត ទូរទស្សន៍ជាតិវេណេស៊ុយអេឡា បានចេញផ្សាយខ្សែវីដេអូមួយ ស្តីអំពីពលរដ្ឋអាមេរិកម្នាក់ និយាយសារភាពយ៉ាងច្បាស់ថា ខ្លួនបានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ព្រមទាំងប៉ុនប៉ងចាប់ខ្លួនប្រធានាធិបតីរូបនេះ យកទៅសហរដ្ឋអាមេរិកទៀងផង៕