(តេហេរ៉ង់)៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង ១១នាក់ផ្សេងទៀតរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតមធ្យមមួយ បានវាយប្រហារតំបន់ជាយ ស្ថិតនៅចម្ងាយ ៦៩គីឡូម៉ែត្រ នៃភាគខាងកើតរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីវេលាម៉ោង ០០៖៤៨នាទីរំលងអធ្រាត្រ (ម៉ោងនៅតេហេរ៉ង់) ឈានចូលថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមអាជ្ញាធរអ៉ីរ៉ង់ មនុស្សម្នាក់ដែបានបាត់បង់ជីវិតនោះ គឺជាស្ត្រីវ័យ ៦០ឆ្នាំម្នាក់។ ដោយឡែកមនុស្សផ្សេងៗ ដែលបានទទួលរបួសនោះ គឺដោយសារតែការព្យាយាមរត់ ទៅរកកន្លែងមានសុវត្ថិភាព។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រខាងលើនេះ បានញាប់ញ័រចេញពីក្នុងជម្រៅដី ៧គីឡូម៉ែត្រ និងត្រូវបានចាត់ទុកជាកម្រិតមធ្យមប៉ុណ្ណោះ ប៉ុន្តែដោយសារតែវាបានវាយប្រហារ ចំទីប្រជុំជន នោះវាអាចបង្កការខូចខាត និងមនុស្សរងគ្រោះបាន។ ប្រជាជនមួយចំនួននៅតំបន់ ហ្គីឡាវែនដ៍ (Gilavand) ភាគខាងកើតទីក្រុងតេហេរ៉ង់ បានសុខចិត្តគេងនៅក្នុងរថយន្តក្រៅផ្ទះរបស់ពួកគេ ដោយសារខ្លាចគ្រោះរញ្ជួយដីកើតឡើងម្តងទៀត៕