(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសពីការអនុញ្ញាតឲ្យប្រើប្រាស់នូវថ្នាំ Remdesivir របស់ក្រុមហ៊ុន Gilead Sciences ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីព្យាបាលអ្នកជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលជប៉ុន ថ្នាំពេទ្យ Remdesivir នឹងត្រូវគ្រូពេទ្យប្រើប្រាស់ក្នុងការព្យាបាល ទៅ លើអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ។ ថ្នាំនេះគឺជាថ្នាំដំបូងបំផុត ដែលទទួលបានការអនុញ្ញាតជាផ្លូវការនៅជប៉ុន ដើម្បីព្យាបាល COVID-19 ខណៈកាលពីសប្តាហ៍មុន វាត្រូវបានអាជ្ញាធរជំនាញផ្នែកឱសថរបស់អាមេរិកអនុញ្ញាតឲ្យប្រើប្រាស់ ក្នុងករណីបន្ទាន់សម្រាប់ COVID-19។

គួរជម្រាបថា ក្នុងប្រទេសជប៉ុន មានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន១៥,៥៧៤នាក់ ក្នុងនោះស្លាប់៥៩០នាក់ ដែលពុំរាប់បញ្ចូល ករណីពីកប៉ាល់ទេសចរណ៍ Diamond Princess ឡើយ ដែលមានអ្នកឆ្លង៧១២នាក់ និងស្លាប់១៣នាក់ ។ បច្ចុប្បន្ន ជប៉ុនកំពុងស្ថិត ក្រោមការដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលនឹងត្រូវបន្តរហូតដល់ចុងខែឧសភានេះ ដើម្បីកាត់បន្ថយការឆ្លងរាល ដាលរបស់ COVID-19៕