(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរីនៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៧៤១ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះបានកើនដល់ ២០,៩៣៩ករណីហើយ។ នេះបើយោងតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី ភាគច្រើននៃករណីឆ្លងថ្មីទាំងនេះ គឺជាពលករកាន់ប័ណ្ណការងាររយៈពេលវែង ដែលកំពុងរស់នៅតាមអគារស្នាក់នៅ​សម្រាប់ពលករបរទេស ក្នុងប្រទេសដីកោះតូចមួយនេះ ហើយក្នុងនោះមានតែ ០៥ករណីប៉ុណ្ណោះ ដែលជាប្រជាជនសិង្ហបុរីផ្ទាល់ ឬក៏ជាអ្នកមានទីលំនៅអចិន្ត្រៃយ៍។

នៅក្នុងរដ្ឋសភាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្រ្តីសុខាភិបាលសិង្ហបុរីលោក កាន់ គីម យ៉ុង (Gan Kim Yong) បានលើកឡើងនូវកត្តាមួយចំនួន ដែលនឹងត្រូវពិចារណា មុនពេលអាចដកវិញនូវវិធានការរឹតត្បិត ដែលត្រូវដាក់ចេញ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃ COVID-19។

កត្តាទាំងនោះ រួមមានការថយចុះមកនៅដល់សូន្យ ឬក៏នៅក្រោម ១០ករណី នៃអត្រាឆ្លងក្នុងសហគមន៍ សម្រាប់រយៈពេលយូរសមរម្យមួយ ខណៈករណីឆ្លងក្នុងចំណោមពលករបរទេស ក៏ត្រូវតែថយចុះគួរឲ្យកត់សម្គាល់ដែរ ដ្បិតករណីឆ្លងភាគច្រើននៅក្នុងប្រទេសដីកោះ ដែលមានចំនួនប្រជាជនត្រឹម ៥.៨លាននាក់មួយនេះ គឺជាពលករបរទេសដែលធ្វើការនៅសិង្ហបុរី។

គួរជម្រាបថា ក្នុងចំណោមករណីឆ្លងសរុបទាំងអស់ចំនួន ២០,៩៣៩ ករណីខាងលើនេះ មានអ្នកជំងឺចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ១,៦៣៤នាក់​ផ្សេងទៀតបានជាសះស្បើយឡើងវិញ។ សិង្ហបុរីជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង ១០ប្រទេស៕