(ញូដេលី)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ ០៥នាក់បានស្លាប់បាត់បង់ជីវិត និង ១,០០០នាក់ផ្សេងទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានហេតុការណ៍លេចធ្លាយហ្គាស បានកើតឡើងនៅឯរោងចក្រគីមីមួយកន្លែង ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា។ ព្រមជាមួយគ្នានេះ អាជ្ញាធរឥណ្ឌាក៏បានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងច្រើនជាងនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

យោងតាមមន្ត្រីប៉ូលីសក្នុងតំបន់បានគូសបញ្ជាក់ថា ហ្គាសទាំងនោះបានលេចចេញពីកន្លែងស្តុកហ្គាសចំណុះ ៥,០០០តោនចំនួនពីរធុង ដែលមិនត្រូវបានគេយកចិត្តទុកដាក់ ដោយសារតែវិធានការបិទប្រទេស នៅចំពោះមុខការឆ្លងរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេស។

លោក ស្វារូប រ៉ានី (Swaroop Rani) ជំនួយការស្នងការប៉ូលីស ប្រចាំទីក្រុង វីសាខាប៉ាត់ណាំ (Visakhapatnam) ដែលជាតំបន់កើតហេតុបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «យើងគ្រាន់តែអាចបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ០៥នាក់បានស្លាប់នៅពេលនេះ។ ស្ថានការណ៍យ៉ាងណាទៀតនោះ យើងនឹងបញ្ជាក់ប្រាប់នៅពេលលក្រោយ»

ដោយឡែកមនុស្សយ៉ាងតិច ១,០០០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗគ្នា ដើម្បីទទួលការព្យាបាល ខណៈក្តីបារម្ភមួយទៀតខ្លាចក្រែងថា មនុស្សជាច្រើននាក់ផ្សេងទៀត ប្រហែលជាសន្លប់នៅក្នុងផ្ទះរបស់ពួកគេ ដូច្នេះអាជ្ញាធរកំពុងពិនិត្យមើលនៅតាមផ្ទះផងដែរ ដើម្បីអាចបញ្ជូនពួកគេទៅមន្ទីរពេទ្យ ឲ្យបានទាន់ពេលវេលា៕