(សេអ៊ូល)៖ ការសិក្សាស្រាវជ្រាវរបស់ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញថា ករណីអ្នកជំងឺ COVID-19 ជាសះស្បើយហើយលាប់ឡើងវិញ គឺមានជាប់ពាក់ព័ន្ធនឹងការធ្វើតេស្ដខុស នាំឲ្យចេញលទ្ធផលវិជ្ជមាន ឬជាការធ្វើតេស្តដែលមិនត្រឹមត្រូវតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

ករណីលាប់ជំងឺ COVID-19 ឡើងវិញ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ដល់អាជ្ញាធរកូរ៉េខាងត្បូងដែលយល់ថា វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង លុបចោលវិធានការរឹតត្បិត និងការអភិវឌ្ឍវ៉ាក់សាំង។ ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវ ចេញផ្សាយនៅក្នុងសប្ដាហ៍នេះ បានរកឃើញករណីលាប់ជំងឺឡើងវិញអាចមានជាប់ ទាក់ទងនឹងការធ្វើតេស្ដចេញលទ្ធផល «វិជ្ជមានខុស»។ បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (KCDC) គិតត្រឹមថ្ងៃពុធម្សិលមិញ ករណីបែបនេះមានចំនួនច្រើនជាង ៣៥០ករណី។

កូរ៉េខាងត្បូងបានប្រើប្រាស់ប្រព័ន្ធធ្វើតេស្ដ RT-PCR ក្នុងការកំណត់ហ្សែនរបស់វីរុសកូរ៉ូណា។ ដំណើរការប្រព័ន្ធ RT-PCR អាចផ្ដល់លទ្ធផលយ៉ាងឆាប់រហ័សថា អ្នកជំងឺម្នាក់មានផ្ទុកវីរុសកូរ៉ូណា (COVID-19) ដែរឬទេ។ ប៉ុន្តែក្នុងករណីខ្លះ ការធ្វើតេស្ដតាមប្រព័ន្ធនេះអាចចាប់បាន ឬក៏កំណត់លើភាគល្អិតនៃវីរុសងាប់ ដែលលែងមានការគំរាមកំហែងតទៅទៀត ដល់អ្នកជំងឺ និងអ្នកដទៃទៀត។

ជុំវិញការសិក្សាថ្មីនេះដែរ លោកស្រី ជុង អ៊ុនគ្យុង (Jeong Eun-kyeong) ជានាយក KCDC បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅតែកំពុងបន្តប្រមូលព័ត៌មានបន្ថែមនៅឡើយ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា តើភាគល្អិតនៃមេរោគដែលត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកជំងឺ COVID-19 ត្រូវបានគេរាយការណ៍លាប់ឡើងវិញ គឺមកពីកោសិការវីរុសងាប់បាត់ទៅហើយ ឬក៏យ៉ាងណា។

គួរជម្រាបថា បើតាមគេហទំព័រ worldometers បច្ចុប្បន្នកូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុប ១០,៨១០ករណី ក្នុងនោះស្លាប់ ២៥៦នាក់ និងជាសះស្បើយឡើងវិញ ៩,៤១៩នាក់។ កូរ៉េខាងត្បូង ត្រូវបានចាត់ទុកជាប្រទេសជោគជ័យមួយ ក្នុងទប់ស្កាត់ការឆ្លងជំងឺ COVID-19 ក្នុងទ្រាយធំ, មានអត្រាស្លាប់ទាប និងមានអត្រាជាសះស្បើយច្រើន បើធៀបនឹងចំនួនករណីឆ្លងសរុប៕