(បាងកក)៖ ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ០៣ករណីទៀតក្នុងមួយថ្ងៃ ធ្វើឲ្យចំនួនសរុបនៃករណីឆ្លងក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ២,៩៩២ករណី។ នេះបើតាមការចេញផ្សាយដោយ CNA។

អ្នកនាំពាក្យរដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃលោក ថាវីស៊ិន វិសានុយោធិន (Taweesin Wisanuyothin) បានបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោមករណីថ្មីទាំងបីខាងលើនេះគឺមាន ០២នាក់ជាបុរសជនជាតិថៃ ដែលទើបត្រឡប់មកពីប្រទេសកាហ្សាក់ស្ថាន និងម្នាក់ទៀតជាស្ត្រីរស់នៅខេត្តយ៉ាឡា ភាគខាងត្បូងប្រទេស។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលមួយថ្ងៃមកនេះ គ្មានករណីស្លាប់ដោយសារ COVID-19 ត្រូវបានរាយការណ៍នោះឡើយ នាំឲ្យចំនួនអ្នកស្លាប់សរុបបន្តនៅត្រឹម ៥៥នាក់ដដែល ខណៈអ្នកជាសះស្បើយវិញមានសរុប ២,៧៧២នាក់៕