(ការ៉ាកាស់)៖ ទូរទស្សន៍ជាតិវេណេស៊ុយអេឡា​កាលពីថ្ងៃពុធសប្តាហ៍នេះ បានចេញផ្សាយខ្សែវីដេអូមួយ ស្តីអំពីពលរដ្ឋអាមេរិកម្នាក់ និយាយសារភាពយ៉ាងច្បាស់ថា ខ្លួនបានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ព្រមទាំងប៉ុនប៉ងចាប់ប្រធានាធិបតីរូបនេះ យកទៅសហរដ្ឋអាមេរិកទៀងផង។ នេះបើយោងតាមការចេញផ្សាយ​ដោយសារព័ត៌មាន BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

បុរសខាងលើនេះមានឈ្មោះថា លូក ឌែនមែន (Luke Denman) គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១៣នាក់ផ្សេងទៀត​ដែលត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅនេះ ពីបទធ្វើរដ្ឋប្រហារមិនបានសម្រេច។ អាជ្ញាធរវេណេស៊ុយអេឡាបានចោទប្រកាន់ថា ពួកគេនេះគឺជាទាហានស៊ីឈ្នួល ដែលក្រុងវ៉ាស៊ីនតោនបានជួលមក​ផ្តួលរំលំរដ្ឋាភិបាលវ៉េណេស៊ុយអេឡា។

ក្នុងសន្និសីតសារព័ត៌មានតាមរយៈវីដីអូ Conference បន្ទាប់ពីខ្សែវីដីអូ សារភាពរបស់ជន Luke Denman បានចាក់ផ្សាយចប់រួចរាល់ លោក ម៉ាឌូរ៉ូ បានលើកឡើងយ៉ាងដូច្នេះថា «លោក ដូណាល់ ត្រាំ គឺជាអ្នកបញ្ជាផ្ទាល់នៅពីក្រោយខ្នងរឿងនេះ»។ ទោះជាយ៉ាងណា នាពេលកន្លងទៅនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធទាំងស្រុង​ចំពោះការជាប់ពាក់ព័ន្ធក្នុងរឿងនេះ។ ចំណែកឯរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងប្រើគ្រប់មធ្យោបាយ​ដើម្បីធានាដល់ការវិលត្រឡប់របស់ជនជាតិអាមេរិក ឲ្យវិលត្រឡប់មកប្រទេសវិញ ប្រសិនបើពួកគេត្រូវបានឃាត់ខ្លួន​នៅក្នុងប្រទេសវ៉េណេស៊ុយអេឡាមែននោះ។

គួរជម្រាបថា ព្រឹត្តការណ៍នេះបានកើតឡើង បន្ទាប់ពីក្រសួងការបរទេសវេណេស៊ុយអេឡា​កាលពីថ្ងៃចន្ទសប្តាហ៍នេះបានរាយការណ៍ថា កងកម្លាំងយោធាវេណេស៊ុយអេឡាបានទប់ស្កាត់ ការឈ្លានពានពីសំណាក់កងប្រដាប់អាវុធស៊ីឈ្នួលមួយក្រុម ដែបានប៉ុនប៉ងចូលមកកាន់ តំបន់ឆ្នេរភាគកណ្តាលរបស់វេណេស៊ុយអេឡា តែមិនបានសម្រេច។ ជាមួយគ្នានោះ ក្រសួងការបរទេសវេណេស៊ុយអេឡា​ក៏បានចោទប្រកាន់អាមេរិក គឺជាអ្នកនៅពីក្រោយខ្នងរឿងនេះ៕