(ញូវយ៉ក)៖ អាជ្ញាធរសុខាភិបាលអាមេរិក បានរាយការណ៍ឲ្យដឹងថា កុមារចំនួន ៦៤នាក់ ដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យនៅទូទាំងរដ្ឋញូយ៉ក មាន បណ្តុំរោគសញ្ញា ដែលអាចជាប់ពាក់ព័ន្ធនឹងជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

ក្នុងការប្រឹក្សាយោបល់ជូនអ្នកផ្តល់សេវាថែទាំសុខភាព ក្រសួងសុខាភិបាលនៃរដ្ឋញូយ៉ក បានគូសបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ(ម៉ោងនៅញូវយ៉ក) កុមារចំនួន ៦៤នាក់ សង្ស័យថាមានរោគសញ្ញា ដែលអាចជាប់ទាក់ទងនឹងជំងឺ COVID-19 ត្រូវបានគេរាយការណ៍នៅទូទាំងរដ្ឋ រួមមានទីក្រុងញូវយ៉ក ផងដែរ។

លោកវេជ្ជបណ្ឌិត Howard Zucker ប្រធានផ្នែកសុខភាពរបស់រដ្ឋញូវយ៉ក បានមានប្រសាសន៍ដូច្នេះថា៖ «អរគុណណាស់ ដែលកុមារភាគច្រើន ដែលកើតជំងឺ COVID-19 មានរោគសញ្ញាស្រាល។ ប៉ុន្តែ ក្នុងករណីខ្លះ រោគសញ្ញារលាកដ៏គ្រោះថ្នាក់នេះ ក៏អាចនឹងវិវត្តទៅជាអាការៈធ្ងន់ធ្ងរផងដែរ»

រោគសញ្ញាទាំងនេះមានលក្ខណៈពិសេស បូកបញ្ចូលគ្នារវាងជំងឺកាវ៉ាសាគី (Kawasaki Disease) និងរោគសញ្ញារួមាន ក្តៅខ្លួនជាប់រហូត, ឈឺពោះ, ឡើងកន្ទួល និងមានបញ្ហាសរសៃឈាមបេះដូង ជាដើម។

គួរជម្រាបថា ករណីស្រដៀងគ្នានេះ ក៏បានកើតមានក្នុងចំណោមកុមារ នៅចក្រភពអង់គ្លេស នាពេលថ្មីៗនេះដែរ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មន្រ្តីសុខាភិបាល ទីក្រុងញូយ៉កបាននិយាយថា កុមារចំនួន ១៥ នាក់នៅក្នុងទីក្រុង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញាដ៏កម្រនេះ។ ជាងពាក់កណ្តាលក្នុងចំណោមពួកគេ ត្រូវការឧបករណ៍ជំនួយសម្ពាធឈាម និងផ្លូវដង្ហើម។ ប៉ុន្តែទោះយ៉ាងណា មិនមានករណីស្លាប់ត្រូវបានរាយការណ៍ក្នុងចំណោមពួកគេនៅឡើយនោះទេ៕