(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ជនស៊ីវិល ១៣២នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាអាមេរិក នៅជុំវិញពិភពលោកកាលពីឆ្នាំ២០១៩។ ប៉ុន្តែតួលេខនេះ មានចំនួនតិចជាងរបាយការណ៍នានា ដែលចេញផ្សាយដោយអង្គការសង្គមស៊ីវិល (NGO)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ មន្ទីរបញ្ចកោណបានបញ្ជាក់ទៀតថា ជនស៊ីវិល ១៣២នាក់បានស្លាប់ និង ៩១នាក់រងរបួសក្នុងប្រតិបតិ្តការយោធាអាមេរិក នាអំឡុងឆ្នាំ២០១៩ នៅប្រទេសអ៉ីរ៉ាក់ ស៊ីរី អាហ្វហ្គានីស្ថាន និងសូម៉ាលី។ របាយការណ៍ដដែលបន្ថែមថា ក្រសួងការពារជាតិអាមេរិកមិនបានបញ្ជាក់លម្អិត អំពីជនស៊ីវិលដែលបានស្លាប់ ដោយសារប្រតិបត្តិការយោធានៅយ៉េមែន និងលីប៊ីឡើយកាលពីឆ្នាំមុន ដោយគ្រាន់តែបង្ហើបថា ជនស៊ីវិល ១០៨នាក់បាត់បង់ជីវិត និង ៧៥នាក់រងរបួស នៅអាហ្វហ្គានីស្ថាន ខណៈនៅស៊ីរី និងអ៉ីរ៉ាក់ មន្ទីរបញ្ចកោណទទួលខុសត្រូវលើជនស៊ីវិល ២២នាក់ស្លាប់ និងរបួស ១៣នាក់។

ចំណែកឯ នៅប្រទេសស៊ូម៉ាលី ជនស៊ីវិលតែ ០២នាក់ប៉ុណ្ណោះបានស្លាប់ និង ០៣នាក់ទៀតរងរបួស។ ក៏ប៉ុន្តែបើតាមអង្គការសង្គមស៊ីវិលអន្តរជាតិជាច្រើន ដូចជា NGO អ៊ែរវ៉រ (NGO Airwars) គ្រាន់តែនៅក្នុងប្រទេសស៊ីរីតែមួយគត់ ជនស៊ីវិលចន្លោះពី ៤៦៥នាក់ ដល់ ១,១១៣នាក់ឯណោះត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធារបស់ក្រុមចំរុះ ដឹកនាំដោយសហរដ្ឋអាមេរិក៕